ដោយ​:​ជា​សីហ​:/​ភ្នំពេញៈកាលពី​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២១ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នៃ​ប្រទេស G77 & China ដែល​បាន​រៀបចំឡើង​ដោយ​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ (UNCTAD) តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្ដី ព្រាង​សេចក្ដីប្រកាស​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស G77 & China សម្រាប់​ដាក់បញ្ចូល ទៅក្នុង​កិច្ចព្រមព្រៀង​ថ្នាក់​រដ្ឋមន្ត្រី នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១៥ នៃ​សន្និសីទ សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ (UNCTAD 15) ដែល​នឹង​ប្រព្រឹត្ត ទៅ​ពី​ថ្ងៃទី​៤-៧ ខែតុលា ឆ្នាំ​២០២១​។​

​នៅក្នុង​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រី បានលើកឡើង​អំពី​ចំណុច​សំខាន់ៗ​មួយចំនួន ដែល​ប្រទេស G77 & China បាន​ឯកភាព ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ប្រកបដោយ ចីរភាព នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេស​ប្រទេស​អភិវឌ្ឍន៍​តិចតួច រួមមាន​៖
១) សារៈសំខាន់​នៃ​ប្រព័ន្ធ​ពហុភាគី​និយម ជាពិសេស​សារៈសំខាន់​នៃ​អង្គការ UNCTAD និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្នុង​ការលើក​កំពស់​ពាណិជ្ជកម្ម និង​ការ​អភិឌ្ឍន៍ តាមរយៈ​ការកសាង​ការឯកភាព​រួម និង​ការអនុវត្ត​កាតព្វកិច្ច អន្តរជាតិ​រួម​។​
២) ការទាមទា​ឲ្យ​មានការ​ទទួលបាន​នូវ​វ៉ាក់សាំង​កូ​វីដ​១៩ ប្រកបដោយ​សមភាព និង​ការផ្គត់ផ្គង់​ទាន់ពេលវេលា ដោយ​វ៉ាក់សាំង​ជា​ឧបករណ៍​មួយ​ដ៏​សំខាន់ ក្នុងការ ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។​
៣) ស្នើសុំ​ឲ្យ​មានការ​ផ្ដល់នូវ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​បន្ថែមទៀត និង​តាម​ការសន្យា របស់​ប្រទេស​ផ្ដល់ជំនួយ ជាពិសេស​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ដល់​ប្រទេស​អភិវឌ្ឍន៍ តិចតួច ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ទាំងនោះ​។​
៤) គាំទ្រ​ដល់​ការអនុវត្ត​របៀបវារៈ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​វិនិយោគ ប្រកបដោយ ចីរភាព​។ និង​
៥) ការចូលរួម​ក្នុងការ​កាត់បន្ថយ​គម្លាត​ឌីជីថល​រវាង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស អភិវឌ្ឍន៍​តិចតួច តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ប្រព័ន្ធ​ពហុភាគី ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង និង​ការកសាង​សមត្ថភាព និង​ជំនួយ​បច្ចេកទេស​។​

​សេចក្ដីប្រកាស​នៃ​ប្រទេស G77 & China នឹង​យកទៅ​ពិភាក្សា​បន្ថែម ដើម្បី​ដាក់​ខ្លឹម សារ​ទាំងនេះ ចូលទៅក្នុង​សេចក្ដីសម្រេច​ថ្នាក់​រដ្ឋមន្ត្រី នៃ​កិច្ចប្រជុំ UNCTAD 15 បន្តទៀត​៕​/PC