ដោយ​:​ជា​សីហ​:/​ភ្នំពេញ​: វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គ្រោង​នឹង រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ចុងខែ វិច្ឆិកា ឆ្នាំ ២០២១​។ នេះ​បើ តាម​ប្រសាសន៍​របស់លោក ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ២០២៣ (CAMSOC) ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ កាលពីពេល​ថ្មីៗ​នេះ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC បាន​បញ្ជាក់ថា អង្គប្រជុំ​ខាងលើ​បានលើកឡើង​អំពី​ការត្រៀម​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ «​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​» បន្ទាប់ពី​សមិទ្ធផល ប្រវត្តិសាស្ដ្រ ដ៏​អស្ចារ្យ​នេះ ត្រូវបាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល​លក្ខណៈ​បច្ចេកទេស រួច រាល់​កាលពី​ថ្ងៃទី​១២ ខែកញ្ញា កន្លងទៅ​។ ដូច្នេះ​ពិធី​សម្ពោធ​នេះ តាម​គម្រោង​នឹង រៀប ចំ​នៅ​ចុង ខែ វិច្ឆិកា ខាងមុខ​។​

​លោក​អគ្គលេខាធិការ​មានប្រសាសន៍ថា ដោយមាន​ការណែនាំ​ផ្ទាល់ ពី​លោក ថោង ខុន ពិធី​សម្ពោធ​នេះ គឺ​ធ្វើយ៉ាងណា ឲ្យ​ស័ក្ដិសម​ទៅនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​មហិមា និង​ស័ក្ដិសម ជា​និមិត្តរូប​នៃ​ចំណងមិត្តភាព ដែកថែប ដ៏​យូរអង្វែង​រវាង​កម្ពុជា​-​ចិន​។ អញ្ចឹង​កម្មវិធី​នេះ មាន​ទាំង កម្មវិធី​សិល្បៈ វប្បធម៌​ផង មាន​ទាំង​កម្មវិធី​កីឡា​ផង ដែល យើង​កំពុង​ស្វែងរក​នូវ​ប្រភេទ​កីឡា​ណា ដែល​អាច​ប្រកួត​ជា​មិត្តភាព​កម្ពុជា – ចិន បាន​។

«​ដូច្នេះ​ឥលូវ​នេះ យើង​កំពុង​រៀបចំ​គណៈ កម្ម​ការរៀប ចំ ពិធី សម្ពោធ នេះ ដែល គ្រោង​រៀបចំឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយក រដ្ឋ មន្ដ្រី ហើយ និង​ធ្វើ​ឲ្យ​កម្មវិធី​នេះ ក្លាយទៅជា​ព្រឹត្តិ ការណ៍​មួយ​ដែល​បើកផ្លូវ​ឆ្ពោះទៅរក ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ របស់​យើង​។​

​សូម​រំ​ឮ​កថា កាលពី​ថ្ងៃទី​១២ ខែកញ្ញា​កន្លងទៅ​វិមាន កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ មរតក តេ​ជោ ត្រូវបាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ដ្រីការបរទេស​ចិន​។

​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កើតឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​ដ៏ ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែលជា​ផ្លែផ្កា នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ «​ខ្សែក្រវ៉ាត់ និង​ផ្លូវ​» ក្រោម​ជំនួយ ហិរញ្ញប្បទាន​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ទឹកប្រាក់​ប្រមាណ ១៥០​លាន​ដុល្លារ​អាមេរិក​។​

​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​មហាអស្ចារ្យ​នេះ បាន​សាងសង់​លើ​ផ្ទៃដី ១៦,៤​ហិកតា ផ្ទៃក្រឡា​សំណង់​អាគារ ៨៦.០០០​ម៉ែត្រការ៉េ ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​ចំនួន ៦​ម៉ឺន​កៅអី ហើយ​សមិទ្ធផល​ស្ដង់ដារ​អន្ដរជាតិ​នេះ នឹង​ក្លាយជា​ទីតាំង​ដ៏​សំខាន់ សម្រាប់​ត្រៀម​រៀបចំ​ពិធី​បើក​-​បិទ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​៕​/PC