ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ​នគរបាល​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កាលពី​ព្រឹក​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០២១​បាន​បង្ហាញមុខ​ជនសង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​បី​គីឡូក្រាម​មុននឹង​បញ្ជូនទៅ សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​ប្រភព​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​កន្លងទៅ​វេលា​ម៉ោង​១៦:៣០​នាទី​កម្លាំង​ជំនាញ​(​ក​១០)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស គ្រឿងញៀន ដឹកនាំ​ដោយ​លោក សារី បុត្រ​សត្យា​. លោក យឹម សែន​ឧ​ត្ត​ម លោក ស៊ុន ពុធ​រស្មី នាយករង​មន្ទីរ និង​លោក តឹក សូ​នី នាយការិយាល័យ ក​១០​ដោយមាន​ការចូលរួម​ពី​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ​និង​ខេត្តកណ្ដាល ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​គោលដៅ ផ្សេងគ្នា​ជា​បន្តបន្ទាប់​។

​គោលដៅ​ទី​១ នៅក្នុង​សង្កាត់ កំបូល​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ,​គោលដៅ​ទី​២ និង​ទី​៣​នៅក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ។​ជនសង្ស័យ​ឈ្មោះ សេង សុគន្ធ​ថៃ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​និង​ឈ្មោះ ព្រហ្ម វាសនា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ។​

​ដកហូត​វត្ថុតាង​ថ្នាំញៀន​សរុប​៣ គីឡូក្រាម ២១៥.៣៨ ក្រាម​ក្នុងនោះ​មាន ៖១. មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់ ៣ គ​.​ក្រ ១៤៦.៣៧ ក្រាម​។​២. អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់ ៦៧.៨៧​ក្រាម​។​៣. នី​មេ​តា​ហ្សេ​ប៉ា​ម ទម្ងន់ ១.១៤​ក្រាម​៕​សរន​