ដោយៈប.ជ័យ / បន្ទាយមានជ័យៈនៅឃុំគយម៉ែង ស្រុកមង្គលបូរី ទឹកជំនន់បន្តលិចលង់ដល់ក្រោមផ្ទះ ផ្លូវនិងស្រូវ ។ក្នុងស្ថានភាពនេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងប្រធានក្រុមការងារខេត្តចុះជួយស្រុកមង្គលបូរី បានអញ្ជើញចុះសួរសុខទុក្ខ និងយកគ្រឿងឧបភោគ បរិភោគមួយចំនួនទៅប្រគល់ជូនដល់អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋាននៅ​ឃុំគយម៉ែងនៅ ថ្ងៃទី២ ខែតុលា។

លោក ឡា រស្មី មេឃុំគយម៉ែង បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ជន់លិចនៅឃុំគយម៉ែង ចាប់ពីថ្ងៃទី២៧ខែកញ្ញា រហូតមកដល់ថ្ងៃទី២ ខែតុលាទឹកជំនន់បន្តលិចដល់ក្រោមផ្ទះសរុប១៧០គ្រួសារ។ឯផ្លូវថ្នល់លិចទឹកចំនួន១០ខ្សែ ប្រវែង១០.០៣០ម៉ែត្រ និងស្រូវវស្សាចំនួន៣៤៥ហិកតា។

ក្នុងឱកាសនោះ លោក លី សារីបានជំរុញអាជ្ញាធរមូលដ្ឋាននិងមន្រ្តីមានសមត្ថកិច្ចបន្តចុះពិនិត្យជាក់ស្តែងជាមួយពលរដ្ឋ ដែលជួបបញ្ហាទឹកជំនន់និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពង្រឹងបន្ថែមក្នុងការចូលរួមអនុវត្តឱ្យបាន ៣ការពារ និង៣កុំ។

សូមបញ្ជាក់ថា អំណោយមាន អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ម៉ាស ដបដាក់អាល់កុល៕សរន