ដោយ​: ពៅ​និមល​/​ភ្នំពេញ​:ជាការ​កត់សម្គាល់ឃើញ​ថា នៅថ្ងៃទី២ខែតុលានេះ​កម្មករ កម្ម​ការិ​នីមួយ​ចំនួន​បានរៀបចំ​និង​ត្រៀម​ចាក​ចេញពី​រាជធានី​ភ្នំពេញ ទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន ដើម្បី​ជួបជុំ​គ្រួសារ និង​សាច់ញាតិ​នា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​។ ទន្ទឹមនេះ​ពួកគាត់​បាន​អះអាង​ដូចគ្នា​ថា មិន​ភ្លេច​នូវ​ការអនុវត្ត​វិធានការ​សុខាភិបាល​នោះទេ ខណៈ​ជំងឺឆ្លង​កូ​វីដ​១៩​នៅតែ​បន្ត​មាន​។​

​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២១​នេះ លោក ជួន គឹម​សាន សហជីព​មូលដ្ឋាន និង​ជា​កម្មករ​កាត់ដេរ​មួយ​នៅ​តំបន់​សួន​កាណាឌីយ៉ា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា សម្រាប់​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ កម្មករនិយោជិត​ភាគច្រើន​ដែលមាន​ស្រុកកំណើត​មិន​ឆ្ងាយ​ពី​ភ្នំពេញ នឹង​ត្រៀម​ចាកចេញ​ចាប់ពី​ថ្ងៃនេះ​តទៅ ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ស្រុកកំណើត​ឆ្ងាយៗ​ដូចជា​ខេត្តកំពង់ធំ បាត់ដំបង សៀមរាប ព្រះវិហា បន្ទាយមានជ័យ និង​ខេត្តស្វាយរៀង​ជាដើម នឹង​ចេញដំណើរ​នា​ថ្ងៃស្អែក ដោយ​មួយចំនួន​ធ្វើ​មធ្យោបាយ​តាម​ម៉ូតូ​(​អ្នក​នៅ​ជិត​) និង​មួយចំនួនទៀត​តាមរយៈ​រថយន្តឈ្នួល​។​

​កម្មករ កម្ម​ការិនី បី​នាក់​ផ្សេងទៀត​ឈ្មោះ ម៉ាន់ ហាន ស្រុកកំណើត​នៅ​ខេត្តតាកែវ​, ឈិន ណាក់ និង ណាន ជាតិ ស្រុកកំណើត​នៅ​ខេត្តព្រៃវែង បាននិយាយស្រដៀង​គ្នា​ថា ក្នុងឱកាស​ឈប់សម្រាក​ណ្យ​ភ្ជុំបិណ្ឌ ក្រៅពី​ទៅលេង​ស្រុកកំណើត​ដើម្បី​ជួបជុំ​គ្រួសារ មិត្តភក្តិ និង​សាច់ញាតិ ពួកគាត់​មិនមាន​គម្រោង​ទៅណា​ទៀត​ទេ​ដោយសារ​ព្រួយបារម្ភ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។ ជាមួយគ្នានេះ ពួកគាត់​បាន​អះអាងថា ក៏​មិន​ភ្លេច​អនុវត្ត​នូវ​វិធានការ​សុខាភិបាល ក៏ដូចជា​ការណែនាំ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ “៣​កុំ ៣​ការពារ​” ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

ពាក់ព័ន្ធ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះដែរ លោក ឆ​ម ឆើត និង​លោក យឹម គឹម​សែន ប្រកប​របរ​បើករថយន្ត​ឈ្នួល​ពី​រាជធានី​ភ្នំពេញ​ទៅ​គោលដៅ​ផ្សេងៗ​គ្នា បាន​និយាយថា គិត​ចាប់ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ពោល​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ពួកគាត់​បាន​ថយចុះ​ច្រើន​ទាំង​ប្រាក់ចំណូល​និង​ភ្ញៀវ ដោយ​ពីមុន​រាល់​រដូវ​បុណ្យទាន​នានា​ម្តងៗ មានការ​កក់​ទុកជា​ហូ​ហែរ​ពី​និង​មាន​ភ្ញៀវ​ពេញ​ជាប្រចាំ ប៉ុន្តែ​មកទល់​បច្ចុប្បន្ននេះ គឺ​ស្ងាត់​ច្រើន ពេលខ្លះ​សឹងតែ​គ្មាន​ភ្ញៀវ​ក៏​ថា​បាន បើទោះបីជា​ថ្លៃឈ្នួល​រក្សា​នៅ​តម្លៃ​ដដែល​យ៉ាងណាក៏ដោយ​នោះ​។

ជុំវិញ​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អំពាវនាវ​ដល់ក​ម្មករ​និយោជិត ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ជាពិសេស​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់​នឹង​សាប៊ូ រក្សា​គម្លាត សុវត្ថិភាព​បុគ្គល ក្នុងពេល​ធ្វើដំណើរ​ដោយ​រថយន្ត​រួម និង​ត្រូវ​យកតាម​ខ្លួន​នូវ​ជែ​ល ទឹក​អាល់កុល​លាងដៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩៕​សរន