ដោយៈសុផល/ភ្នំពេញៈអ្នកជំនាញផ្នែកចុងភៅកម្ពុជាចំនួន១៤៣នាក់ត្រូវបានកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ (Skills Passport) និងចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន (www.atprs.org)។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីជំនាញនៃក្រសួងទេសចរណ៍។
លោក ទ្រី ឈីវ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍និងជាប្រធាននាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានឱ្យដឹងថា ក្រសួងទេសចរណ៍បានសហការជាមួយផ្នែកឯកជន ក្រុមហ៊ុនថាលាស (Thalias) អង្គការ Assist វិទ្យាស្ថាន William Angliss ក្រោមការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលនិងប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលនិងអ្នកវាយតម្លៃបង្គោលជាតិផ្នែកផលិតកម្មម្ហូបអាហារ (ចុងភៅ)កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ក្រោមអធិបតីភាពលោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។
រូបថតៈអ្នកជំនាញផ្នែកចុងភៅកម្ពុជាចំនួន១៤៣នាក់ត្រូវបានកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ (Skills Passport) និងចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន (www.atprs.org)។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីជំនាញនៃក្រសួងទេសចរណ៍។
វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងតាមប្រព័ន្ធ Hybrid និងអនឡាញ។ ដោយឡែកសិក្ខាកាមដែលត្រូវវាយតម្លៃការ សិក្សាពីមុន (RPL) គឺបានចូលរួមអនុវត្តជំនាញជាក់ស្តែង រួមមាន ការចម្អិនម្ហូបអាហារខ្មែរ និងបរទេសក្រោមការត្រួត ពិនិត្យយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញ និងចុងភៅដែលមានបទពិសោធន៍ផងដែរ។
លោកទ្រី ឈីវ បានបន្តថា សិក្ខាកាមជ័យលាភីដែលទទួលបានវិញ្ញាបនបត្រមានចំនួន ១៤៣នាក់នោះ រួមមាន៖ គ្រូបង្គោលជាតិចំនួន២៦នាក់អ្នកវាយតម្លៃបង្គោលជាតិចំនួន៣៨នាក់និងសិក្ខាកាមដែលបានឆ្លងកាត់ការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ៧១នាក់។ សិក្ខាកាមទាំង១៤៣នាក់នេះ បានកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ (Skills Passport) ព្រមទាំងចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន(www.atprs.org)ដែលអាចធ្វើការ បម្លាស់ទីការងារក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានបាន៕
លោករដ្ឋលេខាធិការ ប៉ាក់ សុខុម បានមានប្រសាសន៍ថាទោះស្ថិតក្នុងបរិបទជំងឺកូវីដ១៩តែការរៀបចំវគ្គបណ្តុះបណ្តាល រហូតបញ្ចប់ដោយជោគជ័យនាពេលនេះ គឺបានគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលខ្ជាប់ខ្ជួន ពោលគឺសិក្ខាកាមបានចាក់វ៉ាក់សាំងពេញលេញ និងដូសជំរុញរួចរាល់ ព្រមទាំងធ្វើតេស្តរហ័សជាប្រចាំ រក្សាគម្លាត បាញ់អាល់កុល និងពាក់ម៉ាស់ផងដែរ។ សិក្ខាកាមបានឆ្លងកាត់ការបណ្តុះបណ្តាលស្របតាមយន្តការ និងគរុកោសល្យអាស៊ានក្នុងក្របខ័ណ្ឌនៃការអនុវត្តកិច្ចព្រៀមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA)មានសមត្ថភាពពេញលេញឆ្លើយតបនឹងការត្រៀមបើកសកម្មភាពទេសចរណ៍ទូលំទូលាយឡើងវិញ នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីវិបត្តិកូវីដ-១៩ ថមថយ។
លោករដ្ឋលេខាធិការបានបន្ថែមថាក្រសួងទេសចរណ៍បានចូលរួមចំណែកយ៉ាងយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជម្ងឺកូវីដ ១៩ តាមរយៈការដាក់ចុះអនុវត្តវិធានសុវត្ថិភាពតាមអាជីវកម្មទេសចរណ៍ វិធាននានាសម្រួលដល់អាជីវកម្មទេសចរណ៍ ការបណ្ដុះបណ្ដាល Upskilling / Reskilling ដល់អ្នកជំនាញទេសចរណ៍ ការរៀបចំ និងអនុវត្តផែនទីចង្អុលផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា៕សរន
រូបថតៈអ្នកជំនាញផ្នែកចុងភៅកម្ពុជាចំនួន១៤៣នាក់ត្រូវបានកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ (Skills Passport) និងចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន (www.atprs.org)។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីជំនាញនៃក្រសួងទេសចរណ៍។