ដោយ: ម៉េងឆៃ / ភ្នំពេញ: នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង ដូចជា កិច្ចប្រជុំកំពូលរវាងមេដឹកនាំគណបក្សកាន់អំណាចកម្ពុជា វៀតណាម ឡាវ ការរៀបចំបើកសាលារៀន នៅថ្នាក់មហាវិទ្យាល័យ ឡើងវិញ រាជរដ្ឋាភិបាលសម្រេចផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន ២០ម៉ឺនដូស ដល់ប្រទេសឡាវ និងការដំឡើងប្រាក់ខែកម្មករកាត់ដេរ ដល់ ១៩៤ដុល្លារអាម៉េរិក ជាដើម។
១- សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំកំពូលវៀតណាម-ឡាវ ពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
កាលពីថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ បានជួបប្រជុំដោយផ្ទាល់ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងជំនួបកំពូល នៅទីស្នាក់ការកណ្តាលគណបក្សកុម្មុយនីស្ដវៀតណាម ដែលគ្មានការប្រកាសឲ្យដឹងជាមុននេះមេដឹកនាំកំពូលកម្ពុជា-វៀតណាម-ឡាវ បានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
២- នៅពេលបើកដំណើរការមហាវិទ្យាល័យឡើងវិញ គ្រូ និងនិស្សិត ត្រូវចាក់វ៉ាក់សាំងរួច ហើយត្រូវធ្វើតេស្ត រកកូវីដ
កាលពីថ្ងៃទី២៧ ខែកញ្ញា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់គោលការណ៍ ១១ចំណុច សម្រាប់បើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។ ក្នុងគោលការណ៍ទាំងនោះ ក្រសួងអប់រំ បានកំណត់ថា នៅពេលនិស្សិតចូលរៀននៅមហាវិទ្យាល័យឡើងវិញ គឺក្នុង ១ថ្នាក់ មិនឲ្យលើសពី ២០នាក់ទេ ហើយទាំងសាស្ត្រាចារ្យ និងទាំងនិស្សិត ដែលត្រូវចូលរៀន ក្នុងថ្នាក់ដោយផ្ទាល់ ត្រូវតែបានាចាក់វ៉ាក់សាំងរួច និងត្រូវធ្វើតេស្ត យកសំណាក រកកូវីដ១៩ ជាដើម។
៣- កម្ពុជា ផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូស ដល់ប្រទេសឡាវ
កាលពីថ្ងៃទី២៨ ខែកញ្ញា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់អំណោយថ្នាំវ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូស ដល់ប្រទេសឡាវ។ ជំនួយវ៉ាក់សាំងនេះ ធ្វើឡើង ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបងប្អូនទាំងពីរ និងដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវកូវីដ១៩។
៤- វ៉ាក់សាំង ៣លានដូសបន្ថែមទៀត ត្រូវបានដឹកជញ្ជូន មកដល់កម្ពុជា
វ៉ាក់សាំងកូវីដ១៩ ចំនួន ៣លានដូសថ្មីទៀតហើយ ដែលកម្ពុជា បញ្ជាទិញពីប្រទេសចិន បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា។ បូករួមទាំងវ៉ាក់សាំង ដែលដឹកមកដល់ក្នុងសប្តាហ៍នេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុប ៣៥លាន ៥សែនដូស ហើយវ៉ាក់សាំងទើបមកដល់ថ្មីទាំងនេះ នឹងសម្រាប់បម្រើដល់ការចាក់ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋកម្ពុជា ដែលនឹងចាប់ផ្តើម នៅថ្ងៃទី១១ ខែតុលា នៅភ្នំពេញ មុនគេ។
៥- ក្រសួងការងារ តម្រូវឲ្យធ្វើតេស្ត រកមេរោគកូវីដ១៩ លើកម្មករនិយោជិត ក្រោយឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ
នៅក្នុងសប្តាហ៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ការធ្វើតេស្តនេះ ដើម្បីរក្សាបាននូវសកម្មភាពអាជីកម្ម ផលិតកម្ម និងការផ្តល់សេវាកម្ម ក៏ដូចជា ចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta)។
៦- រដ្ឋាភិបាល សម្រេចដំឡើងប្រាក់ឈ្នួលកម្មករនិយោជិត ១៩៤ដុល្លារ នៅឆ្នាំ២០២២
នៅក្នុងសប្តាហ៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីតួលេខប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង សម្រាប់ឆ្នាំ២០២២។ នោះតាមសេចក្តីសម្រេចចុងក្រោយ ប្រាក់ខែកម្មករនិយោជិត ត្រូវបានដំឡើង ២ដុល្លារទៀត។ ដូច្នេះ ចាប់ពីថ្ងៃមករា ទី១ ខែមករា ឆ្នាំ២០២២ តទៅ កម្មករនិយោជិត នឹងទទួលបានប្រាក់ខែទាបបំផុត ១៩៤ដុល្លារ ក្នុង ១ខែ គឺកើនឡើង ២ដុល្លារ ធៀបនឹងប្រាក់ខែឆ្នាំ២០២១នេះ។
៧-នាយករដ្ឋមន្ត្រីឡាវ ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ដែលឧបត្ថម្ភវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូស ដល់ប្រទេសឡាវ
នាយករដ្ឋមន្ត្រីឡាវ បានផ្ញើសារលិខិត ថ្លែងអំណរគុណ ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវ នូវវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូស ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោកនាយករដ្ឋមន្ត្រីឡាវ បញ្ជាក់ថា វ៉ាក់សាំងនេះ នឹងជួយឱ្យឡាវ សម្រេចបានទិសដៅ ៥០% ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនឡាវ នៅបំណាច់ឆ្នាំនេះ តាមការគ្រោងទុក។
៨-មកដល់ពេលនេះ ពលរដ្ឋប្រមាណជិត ២ម៉ឺនគ្រួសារ រងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះ មនុស្ស ២នាក់ បានស្លាប់
គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា មានពលរដ្ឋជិត ២ម៉ឺនគ្រួសារ នៅក្នុងក្រុង-ស្រុក ចំនួន ៦ ក្នុងខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់។ ក្នុងនោះ មនុស្ស ២នាក់ បានស្លាប់ ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយទឹកភ្លៀង។
៩-ព្រះមហាក្សត្រ ប្រទានរាជសារ អបអរខួប ៧២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
កាលពីថ្ងៃទី១ ខែតុលា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រទានព្រះរាជសារ ជូនទៅលោក ស៊ី ជិនភីង ប្រធានាធិបតីចិន ដើម្បីអបអរសាទរខួប ៧២ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ចិនបានប្រកាសជាផ្លូវការការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
១០-កម្ពុជាបញ្ជូនកម្លាំងទ័ពមួកខៀវ ៣០០នាក់ ទៅប្តូរវេនកម្លាំងចាស់ នៅប្រទេសម៉ាលី
កងកម្លាំងទ័ពមួកខៀវប្រមាណ ៣០០នាក់ ក្នុងនោះ មានស្ត្រី ២៦នាក់ បានធ្វើដំណើរចេញពីកម្ពុជា កាលពីរសៀលថ្ងៃទី១តុលា ដើម្បីទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី។ កងកម្លាំងទ័ពមួកខៀវ ដែលបញ្ជូនទៅនេះ ជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងវិស្វកម្មថែទាំអាកាសយានដ្ឋាន។
១១-ទោះបីជាផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែនៅមានអ្នកទៅវត្ត និងធ្វើដំណើរទៅលេងស្រុកកំណើត
ក្នុងសប្តាហ៍នេះ ទោះបីជារាជរដ្ឋាភិបាល ផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែក៏នៅតែមានអ្នកទៅវត្ត និងអ្នកធ្វើដំណើរទៅលេងស្រុកកំណើត រួមទាំងដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា។ យ៉ាងណាក៏ដោយ វិធានការការពារកូវីដ ត្រូវបានអនុវត្ត ដោយពាក់ម៉ាស លាងដៃអាល់កុលញឹកញាប់ ជាដើម។ ប៉ុន្តែវិធានការរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា មិនត្រូវបានអនុវត្តឲ្យបានត្រឹមត្រូវឡើយ។ ពិធីបុណ្យភ្ជុំបិណ្ឌ នឹងចូលមកដល់នៅថ្ងៃទី៦ ខែតុលា ហើយរាជរដ្ឋាភិបាល នៅរក្សាការសម្រេចឲ្យឈប់សម្រាករយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី៥-៦-៧ ខែតុលា។ រយៈពេលឈប់សម្រាកនេះ នឹងមានការធ្វើដំណើរច្រើន មិនថា ទៅលេងស្រុកកំណើត ឬក៏ទៅដើរលេងកម្សាន្ត តាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានានៅទូទាំងប្រទេស។ យ៉ាងណាក៏ដោយ វិធានការទប់ស្កាត់ និងការពារកូវីដ១៩ ត្រូវតែអនុវត្ត និងប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា៕សរន