ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM) កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ -​សន្តិសុខ​អាស៊ាន​លើក​ទី​២៤ (APSC) និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​៣០(ACC) ដែល​នឹងប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃចន្ទទី​៤​ខែតុលាសប្តាហ៍​។ការអញ្ជើញចូលរួមនេះតប​តាម​ការអញ្ជើញ​របស់ លោក ដា​តូ អ៊ី​រី​វ៉ាន់ ពើ​ហ៊ី​ន យូ​ស៊ូ​ហ៍ រដ្ឋមន្ត្រីការបរទេស​ទី​២​របស់​ព្រុយ​ណេ​ដា រ៉ូ​ស្សាឡា​ម។ ​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស​ក្រសួង ការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២១​។​

សេចក្តីប្រកាសដដែល​បាន​បន្តថា នៅ​ក្នុងឱកាស​កិច្ចប្រជុំ​ទាំងនេះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន នឹង​ពិភាក្សា​អំពី​ការត្រៀម រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ និង​លើក​ទី​៣៩​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នាពេល ខាងមុខនេះ អាទិភាព​នានា របស់​អាស៊ាន​ឆ្នាំ​២០២១​និង​សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេចបាន​និង​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​របស់​អាស៊ាន​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ ពិនិត្យមើល​ឡើងវិញ ការអនុវត្ត​ផែនការ​លំអិត​ស្តីពី​ការកសាង​សហគមន៍​អាស៊ាន និង​តាមដាន​បច្ចុប្បន្នភាព​នៃ​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​ជាពិសេស​ការ​ផ្តល់ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​ដល់​ប្រទេស មី​យ៉ាន់​ម៉ា​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏​នឹង​ពិភាក្សាគ្នា​ផងដែរ​ពី​ការបង្កើន​ទំនាក់ទំនង​បន្ថែម ទៀត​ជាមួយ​ដៃគូ​សន្ទនា​ខាងក្រៅ តាមរយៈ​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន និង​ការថែរក្សា ម​ជ្ឈ​ភាព​អាស៊ាន​។ បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ចំណាប់អារម្មណ៍ និង​កង្វល់​រួម ក៏​នឹង​ត្រូវបាន លើក​យកមក​ពិភាក្សាគ្នា​ផងដែរ​៕​សរន