ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ យោង​ប្រតិ​ទិននៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ (​បញ្ជី​បោះឆ្នោត​ចុងក្រោយ​) និង​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត សម្រាប់​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ត្រូវបាន​បិទ​ផ្សាយ​ជា​សាធារណៈ នៅតាម​បណ្តា​ឃុំ សង្កាត់​ទូទាំងប្រទេសនៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២១ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២ ខែតុលា ។​

​គ​.​ជ​.​ប. បាន​បន្តទៀតថា ដំណើរការ​នេះ លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត បាន​សហការ​ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើ​ការបិទ​ផ្សាយ​នៅតាម​សាលាឃុំ សង្កាត់ និង​នៅ​ទីតាំង​មួយចំនួន​ក្នុង​ឃុំ សង្កាត់​ទាំង ១,៦៤៦ ។ ទន្ទឹមនឹងនេះ គ​.​ជ​.​ប ក៏បាន​បង្ហោះ​បញ្ជី​បោះឆ្នោត​ចុងក្រោយ និង​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត នៅលើ​គេហទំព័រ voterlist.nec.gov.kh ព្រមទាំង​នៅលើ App Voterlist KH ផងដែរ ។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ចុងក្រោយ និង​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត មាន​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ ពិនិត្យ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត និង​ដឹង​ពី​ទីតាំង​ការិយាល័យ​បោះឆ្នោត​ដែល​ខ្លួន​នឹងត្រូវ​បោះឆ្នោត ។ ប្រសិនបើ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ កត់ត្រា​មិនបាន​ត្រឹមត្រូវ​តាម​ទិន្នន័យ​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ សាមីខ្លួន​អាច​ស្នើសុំ​កែតម្រូវ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ក្នុងអំឡុងពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១៕​សរន