ដោយ: ម៉េងឆៃ / ភ្នំពេញ: កាលពីថ្ងៃទី៣០ ខែកញ្ញាក្រសួងសុខាភិបាលប្រកាសថា មានអ្នកឆ្លងកូវីដ១៩នៅទូទាំង ប្រទេសចំនួន ៩៧៨នាក់។ តែនៅថ្ងៃទី១ ខែតុលា ក្រសួងសុខាភិបាលប្រកាសថា មានអ្នកឆ្លងកូវីដ ត្រឹមតែ ២៣២នាក់ ហើយនៅថ្ងៃទី២តុលាមានអ្នកឆ្លងថយចុះមកនៅតែ១៧៤នាក់ប៉ុណ្ណោះ។ដោយសារតែតួលេខឆ្លងកូវីដពីីរថ្ងៃចុងក្រោយនេះ ថយចុះដូច្នេះ ក្រែងលោម្នាក់ៗ ភ្លេចខ្លួន ហើយភ្លេចវិធីការពារកូវីដ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងជាពិសេស ក្នុងអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ។
យ៉ាងណាក៏ដោយ ចូរកុំភ្លេចថា ចំនួនអ្នកឆ្លងកូវីដ ប្រចាំថ្ងៃ ថយចុះ ២ថ្ងៃចុងក្រោយនេះ គឺនៅថ្ងៃទី១ និងថ្ងៃទី២ខែតុលា នេះ ត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ច្បាស់ហើយថា លទ្ធផលនេះ បញ្ជាក់ដោយម៉ាស៊ីនធ្វើតេស្តរកកូវីដ PCR។ ពោលគឺក្រសួងសុខាភិបាលលែងកត់ត្រាតួលេខរកឃើញអ្នកឆ្លងកូវីដដោយប្រើប្រាស់តេស្តរហ័ស រកមេរោគកូវីដ១៩ តាមភូមិតាមសហគមន៍ទៀតហើយ។ ក្នុងនោះ សូម្បីតែចំនួនអ្នកឆ្លងកូវីដ១៩ ប្រភេទមេរោគបំប្លែងថ្មី ដែលតានៅក្នុង សហគមន៍យើង ក៏ក្រសួងលែងប្រកាសឲ្យដឹងដែរ។
ប៉ុន្តែមកមើលស្ថានភាពជាក់ស្តែងក្នុងសង្គមយើងវិញ គឺនៅភ្នំពេញ ពិសេសនៅតាមបណ្តាខេត្តមួយចំនួនចំនួនអ្នកឆ្លង កូវីដ១៩ នៅមានអត្រាខ្ពស់នៅឡើយ ហើយឆ្លងចូលផ្សារ និងចូលភូមិមួយចំនួនថែមទៀត។ នៅសៀមរាបទោះបីជា លែងបិទខ្ទប់ ដោយលុបចោលតំបន់ក្រហម និងតំបន់លឿងទុំ តែចំនួនអ្នកឆ្លងកូវីដនៅតែរកឃើញរៀងរាល់ថ្ងៃហើយផ្សារ មួយចំនួន នៅបន្តបិទ ដោយសារផ្ទុះការឆ្លងរាលដាលកូវីដ១៩។ នៅខេត្តព្រះវិហារ ក៏បានបិទខ្ទប់តំបន់មួយចំនួន ដោយសារតែការឆ្លងរាលដាលកូវីដក្នុងសហគមន៍។
ជាមួយនឹងអត្រាអ្នកឆ្លងកូវីដប្រចាំថ្ងៃថយចុះ ក៏ក្រសួងសុខាភិបាល ប្រកាសថាពីរថ្ងៃចុងក្រោយនេះ គឺនៅថ្ងៃទី១ និងថ្ងៃទី២តុលា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនប្រមាណ ២០នាក់ ក្នុងមួយថ្ងៃ គឺនៅថ្ងៃទី១តុលា មានអ្នកស្លាប់ ១៧នាក់ និងនៅថ្ងៃទី២ ខែតុលា មានអ្នកស្លាប់ ២៤នាក់។ ក្នុងនោះ បើសរុបអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេស មានចំនួន ១១៣ ០៥៧នាក់។ ជាសះស្បើយ ១០៣ ៩១៨នាក់ និងករណីស្លាប់សរុប កើនឡើងដល់ ២៣៦០នាក់។
ដូច្នេះនៅពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ នៅថ្ងៃទី៥-៦-៧ ខែតុលា ហើយអ្នកខ្លះ ឈប់តាំងពីថ្ងៃសៅរ៍ ទី២ ខែតុលា និងអាចបន្តឈប់ដាច់ ១អាទិត្យ ដល់ថ្ងៃទី១០ ខែតុលា គឺជាហានិភ័យនៃការឆ្លងរាលដាលកូវីដ១៩ បើសិនជាមានការធ្វេសប្រហែស។
ជាការពិត ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ទោះបីជារាជរដ្ឋាភិបាល ផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតែនៅមាន អ្នកទៅវត្ត ចូលធ្វើបុណ្យជាក្រុមៗ ពិសេសនៅវត្តតាមស្រុកភូមិ។ ក្នុងនោះ ទោះជាវិធានការការពារកូវីដត្រូវបានអនុវត្ត តាមវត្ត ដោយមានម៉ាស៊ីនវាស់កម្តៅ ហើយអ្នកជួបជុំបានពាក់ម៉ាសគ្រប់គ្នា និងលាងដៃនឹងអាល់កុលញឹកញាប់ក៏ដោយ ប៉ុន្តែវិធានការរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា មិនត្រូវបានអនុវត្ត ឲ្យបានត្រឹមត្រូវឡើយ។
ម្យ៉ាងវិញទៀត អំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ អ្នករស់នៅភ្នំពេញ និងតាមបណ្តាខេត្តនានា ភាគច្រើន នឹងធ្វើឡើងដំណើរ ទៅលេងស្រុកកំណើត ជួបជុំជីដូនជីតា ឪពុកម្តាយ សាច់ញាតិ ជាដើម។ ក្នុងនោះក៏មានអ្នកដើរ លេងកម្សាន្ត តាមរមណីយដ្ឋានជិតឆ្ងាយ ពិសេសនៅតំបន់មាត់សមុទ្រ និងព្រៃភ្នំ នៅភាគឦសានរួមទាំងតំបន់ ទេសចរណ៍នានានៅទូទាំងប្រទេស។
យ៉ាងណាក៏ដោយ ទោះជាទៅលេងស្រុកកំណើត ទោះជាទៅវត្តធ្វើបុណ្យ និងទោះជាដើរលេងទីណាណាក៏ដោយ សូមម្នាក់ៗ កុំភ្លេចនូវវិធានការទប់ស្កាត់ និងការពារ កុំឲ្យឆ្លងកូវីដ១៩។ «៣កុំ និង៣ការពារ»ត្រូវតែអនុវត្តឲ្យបាន ជាប់ជានិច្ច ហើយគ្រប់គ្នា មិនថាព្រះសង្ឃ តាអាចារ្យ យាយជី ឬពុទ្ធបរិស័ទទេ។ ទោះជាក្នុងរង្វង់ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ជីដូនជីតា ឪពុកម្តាយ និងកូនចៅ ក៏ត្រូវតែប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នាដែរ។
ក្រៅពីកូវីដ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ ទាំងអស់គ្នាក៏មិនត្រូវធ្វេសប្រហែសនឹងគ្រោះថ្នាក់ចរាចរណ៍ នោះឡើយ។ ចូរកុំភ្លេចថា រៀងរាល់ឆ្នាំ នៅពេលបុណ្យទាន តែងតែមានកំណើននៃគ្រោះថ្នាក់ចរាចរណ៍ កើតឡើង។ ភ្ជុំឆ្នាំមុន ៣ថ្ងៃ នៅថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស សម្លាប់មនុស្ស ១៥នាក់ និងរបួស ៦២នាក់។ ចំណែកភ្ជុំឆ្នាំ២០១៩ គឺ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ៥២លើក ស្លាប់ ២៦នាក់ និងរបួស ៨០នាក់។
មូលហេតុ ដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ពេលភ្ជុំបិណ្ឌ ក៏ដូចជា រៀងរាល់ថ្ងៃ គឺដោយសារ៖ បើកបរលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ស្រវឹង ងងុយដេក ប្រជែង និងបត់មិនប្រយ័ត្ន។
ដូច្នេះអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ ទាំងអស់គ្នា ត្រូវតែប្រយ័ត្នឆ្លងកូវីដ ហើយក៏ត្រូវប្រុងប្រយ័ត្ននឹង គ្រោះថ្នាក់ចរាចរណ៍ដែរ។ សូមកុំឲ្យសប្បាយក្លាយជាទុក្ខ៕សរន