ដោយៈប.ខុន/ភ្នំពេញៈ ការធ្លាក់ ភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរជាបន្តបន្ទាប់នៅ តំបន់ផ្ទៃរងទឹកភ្លៀងរបស់ខេត្តព្រះវិហារ ដែលជាប្រភពដើមរបស់ស្ទឹងសែន បណ្តាលឲ្យកើតមានជាជំនន់ទឹកភ្លៀងហើយទឹកនេះនឹងបន្តហូរធ្លាក់មកខេត្តកំពង់ធំតាមរយៈស្ទឹងសែន ។ អ្នករស់នៅតាមសងខាងដងស្ទឹងនេះសូមប្រុងប្រយ័ត្ននៅពេលប៉ន្មានថ្ងៃខាងមុខនេះ។
ក្រសួង ធនធានទឹកនិង ឧតុនិយមនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានជូនដំណឹង ថាព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងបន្តទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប ឥណ្ឌា និងខ្យល់មូសុងនិរតីកម្រិតមធ្យមហើយបន្តទៅមុខទៀតនឹងទទួលឥទ្ធិពលផ្សេងៗថែមទៀត។ ស្ថានភាពបែបនេះ ធ្វើឲ្យក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកមាន ភ្លៀងធ្លាក់ក្នុង កម្រិតពីតិចទៅបង្គួរ នៅ តំបន់ផ្ទៃរងទឹកភ្លៀងរបស់ខេត្តព្រះវិហារ ដែលជាប្រភពដើមរបស់ស្ទឹងសែន បណ្តាលឲ្យកើតមានជាជំនន់ទឹកភ្លៀងហើយទឹកនេះនឹងបន្តហូរធ្លាក់មកខេត្តកំពង់ធំតាមរយៈស្ទឹងសែន ។
នៅក្នុងសេចក្តីជូនដំណឹងកម្រិតស្រាលដោយមិនមានចុះហត្ថលេខានេះបានយោងតាមការពិនិត្យកម្ពស់ទឹកនៅស្ថានីយជលសាស្ត្រតាមដងស្ទឹងសែន នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ឃើញថា នៅស្ថានីយ៍ស្ពានដូនម៉ា-ឃុំរក្សា ខេត្តព្រះវិហារ ទឹកមានកម្ពស់១៣,៥៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ០,៣៤ម៉ែត្រ, នៅស្ថានីយ៍សណ្តាន់ ខេត្តកំពង់ធំ ទឹកមានកម្ពស់១៨,២៦ ម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ០,១០ ម៉ែត្រ និងនៅស្ថានីយ៍ជលសាស្ត្រខេត្តកំពង់ធំទឹកមានកម្ពស់១៣,៣១ ម៉ែត្រទឹកនៅនឹង ។
យោងលើស្ថានភាពកម្ពស់ទឹកដូចបានជម្រាបជូនខាងលើក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនពិ សេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕