ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ស្ថានភាពទឹកទន្លេសាប ស្រកចុះ នៅស្ថានីយ៍ជលសាស្ត្រ ផ្សារក្រោម បើទោះបីជា ភ្លៀងបន្តធ្លាក់ជាប់ៗគ្នា ទាំងថ្ងៃ ទាំងយប់ ក៏ដោយ ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានអោយដឹង នៅថ្ងៃទី៣ តុលា ២០២១ នេះថាៈ ស្ថានភាពទឹកទន្លេ នៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោម មានការស្រកចុះ ដែលកម្ពស់ ៧,០៧ ម៉ែត្រ នេះបើធៀបនឹងឆ្នាំ២០២០ ទឹកទន្លេមានកម្ពស់ ៥,៨២ ម៉ែត្រ ក្នុងនោះកម្ពស់ទឹកទន្លេសាប ដែលត្រូវប្រកាសអោយមាន ការប្រុងប្រយ័ត្ន មានកម្ពស់ ១១ ម៉ែត្រ ។ ស្ថានភាពរបបទឹកភ្លៀង មាន ៨ ស្រុក មានកម្រិត ៣៨,៤ ម.ម នៅក្នុងស្រុកសាមគ្គីមានជ័យ ។
លោក ដោក ប៊ុនថុន បានអោយដឹងទៀតថាៈ ស្ថានភាពទឹកភ្លៀង បានធ្លាក់ពីមធ្យមទៅ ខ្សោយ មិនមានខ្យល់កន្ត្រាក់ ដែលបង្កអោយមានជាផ្គរលាន់ និង រន្ទះ បង្កអោយមាន ផលប៉ះពាល ដល់លំនៅឋាន ឬសត្វពាហនៈ របស់បងប្អូនប្រជាពលរដ្ឋ នោះឡើយ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវមានការប្រុងប្រយ័ត្ន ជាប់ជានិច្ច ចំពោះគ្រោះធម្មជាតិ ទាំងឡាយ នៅពេលចេញទៅស្រែ ចំការ ឬ មើលគោ ក្របី សូមមេត្តារូតរះ វិលចូល លំនៅឋានវិញ អោយបានពីថ្ងៃ ដើម្បីជៀសវាង បង្កអោយមានផលប៉ះពាល់ ដល់អាយុជីវិត មនុស្ស ឬសត្វផងដែរ៕/V