​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖ ក្រោយពី​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ការណែនាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយ​មាន​ជ័យ កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២១ លោក សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ បានប្រគល់​រថយន្ត​ដែល​ត្រូវបាន​មន្ត្រី​មាន​សមត្ថកិច្ច​នៃ​ស្ថានីយ៍​ជញ្ជីង​អចល័ត​កូនដំរី ខេត្តបន្ទាយមានជ័យ ចាប់​ឃាត់ទុក ចំនួន​០២​គ្រឿង និង​ក្រុម​ជញ្ជីង​ចល័ត​របស់​ក្រសួង ចាប់​ឃាត់ទុក ចំនួន​០២​គ្រឿង នា​រយៈកាល​កន្លងមក​ដោយសារ​បទល្មើស​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ (​លើស​២០%) ទៅឱ្យ​ម្ចាស់​វិញ​។​

​នាឱកាស​នោះដែរ លោក​ប្រធាន​មន្ទីរ​បាន​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ទាំងនេះ​ត្រូវតែ​ស្វែងយល់ និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​មិនត្រូវ​ដឹកជញ្ជូន​លើស​ការកំណត់​នៃ​ច្បាប់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​ផ្លូវ​ខូច ស្រុត​មុន​អាយុកាល​។​

​បន្ទាប់ពី​ទទួលបាន​រថយន្ត​ត្រឡប់​ទៅវិញ ម្ចាស់​រថយន្ត​ទាំង​០៤​គ្រឿង​នេះ បាន​សន្យាថា​នឹង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មិន​បន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៃ​ច្បាប់ ដែលនាំឱ្យ​មានទោស​ទ័​ណ្ឌ​ទៀត​ទេ​៕​