ដោយ ៖ ភ្នំសន្ទុក-ភ្នំស្វាយ/ កំពង់ធំ៖ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីដែលមានបុគ្គលកងកម្លាំងអាវុធហត្ថម្នាក់នៅស្រុកកំពង់ស្វាយ មានឈ្មោះឡេ ចាន់ដែន ជាកម្លាំងអាវុធហត្ថស្រុកកំពង់ស្វាយ បានឃាត់គោយន្តកន្ត្រៃដឹកឈើទារលុយពីម្ចាស់ ២០០ដុល្លារ ស.រ.អា. ជាថ្នូរអោយគោយន្តនោះទៅមុខ ឬហៅថា រួចខ្លួនពីការបង្ក្រាបនេះ លោកបានដឹកព័ត៌មានរូចរាល់ហើយ និងមិនអោយខូចឈ្មោះអង្គភាពទេ ហើយកំពុងស្រាវជ្រាវបន្ថែមទៀត ។
ករណីខាងចាប់ជំរិតប្រព្រឹត្តនៅតាមបណ្ដោយផ្លូវជាតិលេខ ៦អា ត្រង់ចំណុចភូមិក្បិល ឃុំសាន គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ វេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ។
លោកហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានបន្តថា ប្រសិនមានករណីខាងលើនេះ គឺមានចាត់ការតាមនិតិវិធីច្បាប់ នៃកងកម្លាំងអាវុធហត្ថជាធរមាន ។
លោកបានបន្តថា ការដឹកឈើ ដូចករណីនេះអាចពលរដ្ឋយកទៅធ្វើផ្ទះ ជួសជុលផ្ទះរបស់ពួកគាត់ក៏ថាបានដែរ ។
ករណីនេះ ឈ្មោះឡេ ចាន់ដែន មន្ត្រីកងកម្លាំងអាវុធហត្ថស្រុកកំពង់ស្វាយ ដែលបានរងការចោទប្រកាន់ប្រព្រឹត្តល្មើសទារលុយនោះ មិនអាចសុំបំភ្លឺបាននៅឡើយ ដោយលេខទូរស័ព្ទលោកលេខ ០៦៦ ៨១៩ ៣៨១ អាចហៅចូលបាន តែមិនមានអ្នកទទួល ។
សូមរំលឹកថា ម្ចាស់គោយន្តកន្ត្រៃដឹកឈើនោះ បានអង្វរ មន្ត្រីអាវុធហត្ថដូចខាងលើ ទើបចុះពី ២០០ដុល្លារ ស.រ.អា. ត្រឹម៦០ម៉ឺនរៀល ឬ១៥០ដុល្លារ ស.រ.អា. ៕