ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ: មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ខណះជិះម៉ូតូត្រូវរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៤១ចន្លោះគីឡូម៉ែត្រ៤៤-៤៥ស្ថិតក្នុងភូមិព្រៃរំដួលត្បូង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពី កាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា ZOOMER X ពណ៌ស សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ១GD-៤៩២៧ ។
បើកបរដោយឈ្មោះ ហួន មីហុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរពីជើងទៅត្បូង បានស្លាប់នៅកន្លែងកើតហេតុ អ្នករួមដំណើរឈ្មោះ ហួន គឹមហេង ភេទស្រី អាយុ១០ឆ្នាំ ត្រូវជាប្អូនស្រីអ្នកបើកបរម៉ូតូ រងរបួសត្រង់កដៃខាងស្តាំ រស់នៅក្នុងភូមិឃុំជាមួយគ្នាបើកមកដល់កន្លែងកើតហេតុក៏ត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបុកចំពីមុខម៉ូតូ បន្ទាប់ពីបុករួចក៏បើកទៅទិសខាងត្បូងបាត់។
ប្រភពបានបន្តថាក្រោយកើតហេតុក្មេងស្រីរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្ត។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅស្រុកកំណើតដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីចំពោះវត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការស្រុកបសេដ្ឋ ដើម្បីរងចាំការដោះស្រាយតាមនីតិវិធី៕