ដោយៈសុផល/ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា (ថ្ងៃទី០២-០៣ ខែតុលា ឆ្នាំ២០២១) មានចំនួន ១១៦.៨១៩ នាក់ ក្នុងនោះភ្ញៀវជាតិ ១១៣.៨៥៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២.៩៦៣ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញទទួលបានទេសចរចំនួន ២៥.៩៣៤ នាក់, ខេត្តកំពត ២៤.៧៣២ នាក់, ខេត្តព្រះសីហនុ ១៥.១៧២ នាក់, ខេត្តកែប ៩.២៦៦ នាក់, ខេត្តបាត់ដំបង ៦.៧៥២ នាក់, ខេត្តកណ្តាល ៤.៦១៦ នាក់, ខេត្តពោធិ៍សាត់ ៤.៥៧៩ នាក់, ខេត្តមណ្ឌលគិរី ៤.២៤៩ នាក់។
តួលេខនេះបន្តកើនឡើងប្រមាណ ១៤,៤៦% ធៀបនឹងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍នានានៅតាមបណ្តារាជធានីខេត្ត បានបើកទទួលភ្ញៀវទេសចរលើកលែងតែខេត្តកំពង់ឆ្នាំង ដែលនៅបន្តដាក់ចេញវិធានការរដ្ឋបាលហាមឃាត់សកម្មភាពមួយចំនួនរួមទាំងរមណីយដ្ឋានផងដែរ។
បន្ទប់ស្នាក់នៅតាមសណ្ឋាគារផ្ទះសំណាក់រមណីយដ្ឋាន និងសេវាស្នាក់នៅនានាបានទទួលការកក់ជាបណ្តើរៗសម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ខណៈដែលគោលដៅទេសចរណ៍ខេត្តសៀមរាបបានបញ្ចប់ការបិទខ្ទប់ និងបើកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាឡើងវិញ ចាប់ពីពាក់កណ្តាលសប្តាហ៍មុន។
ប្រជាពលរដ្ឋមួយចំនួន និងកម្មករកម្មការីនៅរាជធានីភ្នំពេញបានចាប់ផ្តើមធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅស្រុកកំណើតនាចុងសប្តាហ៍នេះហើយអាចបន្តស្នាក់នៅរហូតដល់ចុងសប្តាហ៍ក្រោយពេលបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌដោយសារថ្ងៃឈប់សម្រាកអាចនឹងមានរយៈពេលវែងរហូតដល់ថ្ងៃអាទិត្យសប្តាហ៍ក្រោយ។
រដ្ឋបាលខេត្តមន្ទីរទេសចរណ៍បានបង្កើនសហការផ្សព្វផ្សាយនិងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ទៅដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសសេវាស្នាក់នៅ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍និងសហគមន៍ទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌបានខិតជិតមកដល់៕