ដោយ៖អង្គារ៍ហេង/ភ្នំពេញ៖ ដោយមានការណែនាំពីលោក ចេង មុនីរ៉ា អភិបាលនៃគណ:អភិបាលខណ្ឌច្បារអំពៅនៅយប់ថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បន្ដដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
គោលដៅដែលដាក់ត្រួតពិនិត្យនោះស្ថិតនៅចំណុចមុខភោជនីយដ្ឋាន វាយោ នៅផ្លូវលេខ៣៦៩ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្នុងគោលបំណងដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ខានខណ្ឌច្បារអំពៅ ។
ជាមួយគ្នានេះដែរសមត្ថកិច្ចបានបន្តចុះត្រួតពិនិត្យតាមបណ្ដាអាហារដ្ឋាន ភោជនីយដ្ឋានឲ្យពង្រឹងការអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ វិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ផងដែរ៕