ប្រែសម្រួលៈវាសនា/តៃប៉ុះ៖ចិនបានបញ្ជូនយន្តហោះឆ្លងកាត់អ្វីដែលអាជ្ញាធរកោះតៃវ៉ាន់ហៅថាតំបន់ការពារដែនអាកាសរបស់ខ្លួនដល់ថ្ងៃទី៣ជាប់គ្នាកាលពីថ្ងៃអាទិត្យ។កាលពីថ្ងៃសៅរ៍យន្តហោះចិនដល់ទៅ៣៩គ្រឿងបានហោះចូលក្នុងតំបន់នេះ នាំអោយអាម៉េរិកសម្តែងការព្រួយបារម្ភនិងសុំអោយចិនឈប់បង្ករឿងដាក់តៃវ៉ាន់ ទោះជាយ៉ាងណាចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននិងសុំកុំអោយអាម៉េរិកជ្រៀតជ្រែក។
ក្រសួងការបរទេសអាម៉េរិកកាលពីថ្ងៃអាទិត្យបានព្រមានអោយចិនឈប់បង្ករឿងប្រឆាំងតៃវ៉ាន់ក្រោយពីយន្តហោះចិនបានហោះកាត់អ្វីដែលតៃវ៉ាន់ហៅថាតំបន់ការពារដែនអាកាសរបស់ខ្លួនដល់ថ្ងៃទី៣ជាប់គ្នា។
យន្តហោះចម្បាំង៣៩គ្រឿងបង្ហាញខ្លួនក្នុងពេលតែមួយថ្ងៃ វាជាចំនួនយន្តហោះចិនច្រើនបំផុតដែលរដ្ឋាភិបាលក្រុងប៉េកាំងមិនដែនបញ្ជូនមកហោះកាត់កន្លែងនេះតាំងពីមុនមក។
កាលពីថ្ងៃអាទិត្យ យន្តហោះចិន១៦គ្រឿងទៀតក៏បានហោះចូលក្នុងតំបន់ដដែល នេះបើតាមការបញ្ជាក់របស់ក្រសួងយោធាតៃវ៉ាន់។
សូមបញ្ជាក់ថា កោះតៃវ៉ាន់មានរដ្ឋាភិបាលឯករាជ្យមួយចាប់តាំងពីឆ្នាំ១៩៤៩ តែរដ្ឋាភិបាលក្រុងប៉េកាំងតំណាងអោយចិននៅអង្គការសហប្រជាជាតិនិងចិនតែចាត់ទុកតៃវ៉ាន់ជាខេត្តផ្តាច់ខ្លួនមួយដែលត្រូវតែបង្រួបបង្រួមជាមួយចិនវិញនៅថ្ងៃណាមួយ និងអាចប្រើកម្លាំងក្នុងករណីចាំបាច់។
ក្រសួងយោធាតៃវ៉ាន់បាននិយាយថា យន្តហោះចិនដែលហោះចូលមកកោះតៃវ៉ាន់ភាគច្រើនជាយន្តហោះប្រយុទ្ធធុន J-16 និងSu-30 ។ពួកវាបានហោះមកក្បែរកោះប្រាតាសដែលតៃវ៉ាន់កំពុងគ្រប់គ្រង ហើយយន្តហោះប្រដេញតៃវ៉ាន់ហោះទៅប្រាប់អោយយន្តហោះចិនចេញទៅឆ្ងាយ។
តៃវ៉ាន់ក៏បានត្រៀមប្រព័ន្ធកាំជ្រួចដើម្បីតាមដានយន្តហោះចិនផងដែរ។
នៅមិនទាន់មានប្រតិកម្មយ៉ាងណាពីចិននៅឡើយទេចំពោះវត្តមានយន្តហោះចម្បាំងសន្ធឹកសន្ធាប់បែបនេះ តែនៅប៉ុន្មានឆ្នាំមកនេះចិនតែងបញ្ជូនហោះចម្បាំងចូលកៀកៗកោះតៃវ៉ាន់ នៅពេលអាជ្ញាធរក្រុងតៃប៉ិះកាន់តែងាកទៅរកឯករាជ្យភាព ដែលនាំអោយចិនខឹង។
កាលពីសប្តាហ៍មុន ជាការឆ្លើយតបនឹងការប៉ុនប៉ងរបស់តៃវ៉ាន់ចូលក្នុងអង្គការពាណិជ្ជកម្មតំបន់មួយ យោធាចិនបានបញ្ជូនយន្តហោះ២៤គ្រឿងទៅជិតកោះសេរីនិយមនេះ។គ្រាន់តែឆ្នាំ២០២០ ចិនបានបញ្ជូន បេសកកម្មដូច្នេះ៣៨០លើកចូលក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ និងក្នុងឆ្នាំនេះចំនួនជាង៥០០លើក៕
យន្តហោះSu-30ដូចក្នុងរូបនេះ ស្ថិតចំណោមយន្តហោះចិនដែលបានហោះចូលកៀកតៃវ៉ាន់កាលពីថ្ងៃសុក្រ សៅរ៍ និងអាទិត្យ