​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ KCNA បាន​រាយការណ៍​ថា​កូរ៉េ​ខាងជើង​នឹង​ស្តារ​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​ឆ្លងកាត់​ព្រំដែន​ជាមួយ​សម​ភាគី​ខាងត្បូង​​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ត​ទៅ​បន្ទាប់ពី​បាន​កាត់ផ្តាច់​ចោល​កាលពី​ខែ​សីហា​។​

​ការសម្រេចចិត្ត​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​ជា​អន្តរជាតិ​ជាមួយនឹង​ការសាកល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ​។ ការសាកល្បង​មី​ស៊ី​ល​ទាំងនេះ​បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​។​

​កូរ៉េ​ទាំងពីរ​បាន​បង្ហាញ​ពី​ភាពស្រពិចស្រពិល​ក្នុង​ទំនាក់ទំនង​កាលពី​ចុងខែ​កក្កដា​ដោយ​ប្រកាស​ការស្តារ​ទំនាក់ទំនង​ឆ្លងកាត់​ព្រំដែន​ដែល​ត្រូវបាន​កាត់ផ្តាច់​ជា​ង​មួយ​ឆ្នាំ​មុន​។​​ប៉ុន្តែ​ការស្តារ​ឡើង​វិញ​នេះ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយសារ​កូរ៉េ​ខាងជើង​ឈប់​ទទួល​ការ​ហៅចូល​តែ​ពីរ​សប្តាហ៍​បន្ទាប់ពីនោះ​។​

KCNA បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​សម្តែង​នូវ​ចេតនា​ស្តារឡើងវិញ​នូវ​បណ្តាញ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​-​ខាងត្បូង​ដោយ​រាយ​​ការណ៍​ថា ចំណាត់ការ​នេះ​គឺ​ជា​ការប៉ុនប៉ង​បង្កើត “​សន្តិភាព​យូរអង្វែង​” នៅ​ឧបទ្វីប​កូរ៉េ​។​

KCNA​បាន​បន្ថែមថា “​មនុស្ស​ពាក់​ព័ន្ធ​បាន​សម្រេចចិត្ត​ស្តារឡើងវិញ​នូវ​បណ្តាញ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​-​ខាងត្បូង​ទាំងអស់​ឡើង​វិញ​ចាប់ពី​ម៉ោង ៩៖០០ នៅ​ថ្ងៃទី ៤ ខែតុលា​”​។​

​សូម​រំលឹក​ថា ទីក្រុង​ព្យុងយ៉ាង​បាន​កាត់ផ្តាច់​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​យោធា​និង​នយោបាយ​ផ្លូវការ​ទាំងអស់​ដោយ​ឯកតោភាគី​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​ដោយសារ​សកម្មជន​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​​ព្យុង​យ៉ាង​តាម​ប៉ឺតប៉ោង​ឆ្លងកាត់​ព្រំដែន​៕

​លោក​គីម ជុង​អ៊ុន (​ឆ្វេង​) និង​លោក មូន ជែ​អ៊ីន ជួបគ្នា ស្តារ​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​ឆ្លងកាត់​ព្រំដែន​ជាមួយ​គ្នា​ឡើង​វិញ