​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២១ នេះ បានចេញ​សេចក្តីអំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​លើកទឹកចិត្ត ដល់​អ្នកធ្វើដំណើរ ឲ្យ​ប្រើ​មធ្យោបាយ ធ្វើដំណើរ​ឯកជន ចៀសវាង​ការប្រើ​មធ្យោបាយធ្វើដំណើរ​រួម ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ។​

​សេចក្ដីអំពាវនាវ​នេះ បានលើកឡើង​ថាៈ កន្លងមក រាជរដ្ឋាភិបាល បានសម្រេច​ផ្អាកការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​រក្សា​ការឈប់​សម្រាក ៣ ថ្ងៃ សម្រាប់​ពី​ធី​បុណ្យ​ភ្ជុំបិណ្ឌ តាម​ប្រតិទិន​ឈប់សម្រាក ការងារ របស់​មន្ត្រីរាជការ និយោជិត និង​កម្មករ ប្រចាំឆ្នាំ​២០២១​។​

​ក្នុងអំឡុងពេល​ឈប់សម្រាក រយៈពេល ៣ ថ្ងៃ ខាងមុខនេះ ប្រជាពលរដ្ឋ​ជាច្រើនអាចធ្វើ​ដំណើរ ទៅ​ជួបជុំ​គ្រួសារ និង​ធ្វើដំណើរ​កម្សាន្ត តាម​រមណីយដ្ឋាន​នានា ដែល​អាចធ្វើឱ្យ ព្រះរាជាណាចក្រ​កម្ពុជា ប្រឈម​នឹង​ហានិភ័យ នៃ​ការឆ្លង​រាលដាលទ្រង់ទ្រាយ​ធំ នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់ និង​កាត់បន្ថយ​ការឆ្លង​រាលដាល ទ្រង់ទ្រាយ​ធំ នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងអំឡុងពេល និង​ក្រោយពេល ឈប់សម្រាក ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពិសេស​មេរោគ​ប្រភេទ ដែល​តា (Delta) ដែល​កំពុង​បន្ត​ឆ្លង​រាលដាល ក្នុង​សហគមន៍ យ៉ាង​ឆាប់រហ័ស រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ និង​លើកទឹកចិត្ត ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នកធ្វើដំណើរ ទៅ​ជួបជុំ​គ្រួសារ នៅ​ស្រុកកំណើត និង​ធ្វើដំណើរ​កម្សាន្ត តាម​រមណីយដ្ឋាន​នានា ឲ្យ​ប្រើ​មធ្យោបាយ ធ្វើដំណើរ​ឯកជន ដោយ​ចៀសវាងការប្រើ​មធ្យោបាយ ធ្វើដំណើរ​រួម ដែល​ងាយ​នឹង​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងករណី​ចៀស​មិន​ផុត ពី​ការប្រើ​មធ្យោបាយ ធ្វើដំណើរ​រួមគ្នា​នោះ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នកធ្វើដំណើរ អំឡុងពេល​ឈប់សម្រាក​នេះ ត្រូវអនុវត្ត​ឲ្យ បាន​ម៉ឺងម៉ាត់​ដាច់ខាត តាម​វិធាន​សុខាភិបាល ជាពិសេស​វិធានការ ៣​កុំ និង ៣​ការពារ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ទទួលបាន​សេចក្តីអំពាវនាវ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលជា​អ្នកធ្វើដំណើរ ចេញចូល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត ដោយ​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​អាយុជីវិត និង​សុខភាព​របស់ខ្លួន ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ គ្រប់លំដាប់​ថ្នាក់ ត្រូវធ្វើ​ការផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្តឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕/V