​ ​ ​បញ្ជូន​បុគ្គលិក​ម្នាក់​ស៊ីដាច់​លុយ​ជាង​២​ម៉ឺន​ដុល្លារ​របស់​ក្រុមហ៊ុន​ទៅ​តុលាការ​

1521
ចែករម្លែក

(​ភ្នំពេញ​)៖ សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង​៣៖៣០​រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ក្នុង​ក្រុមហ៊ុន Fa maxima ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​២៦៥ ក្រុមទី​៣៦ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក បន្ទាប់ពី​បោក​លុយ​ពី​ក្រុមហ៊ុន ចំនួន​២១.៣៦៦​ដុល្លារ​។​

​បុរស​រូបនេះ​ឈ្មោះ ហ៊ាង ឧ​ត្ត​ម​សម្បត្តិ អាយុ​៣០​ឆ្នាំ មុខរបរ​ជា​បុគ្គលិក តំណាង​ផ្នែក​លក់ ទំនាក់ទំនង​តាម​មន្ទីរពេទ្យ ស្នាក់នៅ ភូមិ​សន្សំ​កុស​ល្យ​២​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ទួលគោក​បញ្ជូនមក​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​ដើម្បី​ចាត់ការ​តាមច្បាប់​។ ដើមបណ្តឹង ឈ្មោះ កូ​ស ប៉ា​តូ ( Ghosh Partho) ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ឥណ្ឌា ស្នាក់​នៅផ្ទះ​លេខ​៩៣៩ ផ្លូវ​លេខ​២៦៥ បុរី​៩៩៩ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​តួនាទី​ជា​នាយក​ក្រុមហ៊ុន Famaxima កាន់​លិខិតឆ្លងដែន​លេខ Z308552 3 ចុះ​ថ្ងៃទី​12-01-2015 ទិដ្ឋាការ​លេខ​El 00900897​។​

​លោក​អនុសេនីយ៍ឯក តន់ រ៉ាវុធ នាយផ្នែក​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ ហ៊ាង ឧ​ត្ត​ម​សម្បត្តិ បាន​ចូល​បម្រើ​ការងារ នៅក្នុង​ក្រុមហ៊ុន​នេះ តាំងពី​ឆ្នាំ​២០១២ ដោយមាន​តួនាទី​ជា​បុគ្គលិក ផ្នែក​លក់​ផលិតផល​”​ឧិ​សថ​” នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​។ ចាប់ពី​ឆ្នាំ​២០១៤​មក ជនសង្ស័យ​បាន​ដើរ​ប្រមូល​លុយ ពី​អតិថិជន​រាប់ម៉ឺន​ដុល្លារ តែ​ពុំបាន​យកមក​ទូទាត់ ឲ្យ​ក្រុមហ៊ុន​ទេ​។

នៅពេលនោះ ក្រុមហ៊ុន​បាន​ចាត់​តំណាង​របស់ខ្លួន ឲ្យ​ចុះសាកសួរ​អតិថិជន ហើយ​បាន​ផ្តល់ឱកាស ឲ្យ​ជនសង្ស័យ​កែខ្លួន តែ​ជនសង្ស័យ នៅតែ​បន្តសកម្មភាព​បោកប្រាស់​ក្រុមហ៊ុន​ដដែល​។​បើ​គិត​ត្រឹម​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ ឈ្មោះ​នេះ​បាន​កេង​បន្លំ​លុយ​ពី​ក្រុមហ៊ុន អស់​ចំនួន ២១.៣៦៦​ដុល្លារ​។​

ខាង​ក្រុមហ៊ុន បានទាមទារ​ឲ្យ​សង តែ​ជននេះ​ពុំមាន​លទ្ធភាព យកប្រាក់​មក​សង​ក្រុមហ៊ុន​វិញ ទើប ក្រុមហ៊ុន​ឃាត់ខ្លួន នាំមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ទួលគោក​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​៕ S/​ដោយៈ​ស​រិ​ទ្ធ​