ដោយ៖ ប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីជំនាញ នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយ មានជ័យ បានបញ្ជូនមេខ្យល់ ២ នាក់ ទៅតុលាការ នៅថ្ងៃទី៤ ខែតុលា នេះពាក់ព័ន្ធ ករណីនាំពលករ ៦ នាក់ ឆ្លងដែនខុសច្បាប់ ទៅរកការងាធ្វើ នៅប្រទេសថៃហើយត្រូវ កម្លាំងយោធា កងការពាព្រំដែន លេខ៥០៣ ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានអោយដឹង កាលពីថ្ងៃទី៣ ខែតុលាថាៈ ជនសង្ស័យ ជាមេខ្យល់ និងជាម្ចាស់រថយន្ត ដឹកពលករ មានឈ្មោះ វ៉ែន វឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ យ៉ុង វីរ: ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកបានបន្តថាៈ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ កងការពារព្រំដែន លេខ៥០៣ នៃយោធភូមិភាគទី៥ បានដឹកនាំកំលាំងល្បាត បានប្រទះឃើញមេខ្យល់ និងពលករទាំង ៦ នាក់ ក៏បានឃាត់ខ្លួនបាន នៅវេលាម៉ោង ៨ យប់ នាថ្ងៃនោះ ។
ពលករ បានបំភ្លឺអោយដឹងថាៈ ពួកខ្លួនបានសម្រេចចិត្ត ឆ្លងដែនទៅធ្វើការនៅ ប្រទេសថៃ ដោយបានទំនាក់ទំនង ទូរស័ព្ទជាមួយមេខ្យល់ ក្នុងតម្លៃជូនផ្លូវ ៥.០០០ បាត ក្នុងម្នាក់ៗ។
នាពេលនោះ ក្រុមខ្លួនបានរង់ចាំមេខ្យល់ នៅមុខសួនស្នហ៍ជនបទ នាសង្កាត់ទឹកថ្លា ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ មួយសន្ទុះក្រោយមក មានរថយន្ត ម៉ាកលុចស៊ីស ពណ៌ប្រផេះ ពាក់ផ្លាកលេខ ប.មានជ័យ 2B-1911 មកយកក្រុមខ្លួន ហើយចេញដំណើរទៅ ។
ពេលទៅដល់ចំណុចចម្ការកៅស៊ូមួយកន្លែង ស្រាប់តែមានមនុស្សប្រុសម្នាក់ទៀត ឈ្មោះ យ៉ុង វីរ: ឡើងឡានទៅជាមួយពួកខ្លួនដែរ ដោយរូបគេប្រាប់ថា រូបគេជា អ្នកនាំផ្លូវពួកខ្លួន ឆ្លងដែនទៅប្រទេសថៃ ។ លុះជិះដល់ចំណុច ប៉ុស្តិ៍ដើមព្រីង ក៏ត្រូវបានកម្លាំងយោធា (កងការពារព្រំដែនលេខ៥០៣ ដឹកនាំដោយលោក ឧត្តមសេនីយ៍ឃួន ជឿន មេបញ្ជាការ) ឃាត់រថយន្ត ហើយសួរនាំ និងឃាត់ក្រុមខ្លួន បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ទៅវិញ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថាៈ ដោយបានការអនុញ្ញាត លោក ឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេខ្យល់ទាំង ២ នាក់នេះ ត្រូវបានមន្ត្រី អាវុធហត្ថ នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ នេះ បានបញ្ជូនទៅតុលាការ ដើម្បីអនុវត្ត តាមច្បាប់។ ចំណែកពលករទាំង ៦ នាក់ ត្រូវបានកម្លាំងធ្វើកិច្ចសន្យាអប់រំ និងអោយធ្វើ ចត្តាឡីស័ក រួចឱ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញ ៕/V-PC