ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ ដោយសារតែប្តី លួចមានស្រីថ្មី តូចចិត្តខ្លាំងពេក ក៏សម្រេចចិត្ត ជិះឡាំប្រឺតា មកលោតទឹកលើស្ពាន ជ្រោយចង្វារ ទាំងយប់ ។
តែដោយសារងងុយដេកខ្លាំងពេក ទើបស្ត្រីនោះ សម្រេចចិត្ត ទៅដេកនៅរង្វង់មូល កងព្រហ្មសិន លុះព្រឹកឡើងទើបដើឡើងស្ពានជ្រោយចង្វារ បម្រុងលោតទឹក សម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋ ជួយឃាត់ទាន់ពេលវេលា។
ហេតុការណ៍បង្កការភ្ញាក់ផ្អេីលនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចលើស្ពាន ជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
ស្ត្រីដែលប៉ុនប៉ងធ្វើអត្តឃាត ឈ្មោះ លីម សុភ័ក្ក អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅ ភូមិ ចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីនោះ បានប្រាប់ឲ្យដឹងថាៈ គាត់មានវិបត្តិផ្លូវចិត្ត យ៉ាងខ្លាំង រហូតមិនចង់រស់នៅ តទៅទៀតទេ ពីព្រោះប្តីរបស់គាត់ លួចមានស្រីថ្មី រហូតធ្វើឲ្យ គាត់ ខឹងខ្លាំង ក៍ជិះឡាំប្រឺតា មកលោតទឹកលើស្ពានជ្រោយចង្វារ ទាំងយប់ តែដោយសារគាត់ លេបថ្នាំ ងងុយគេងខ្លាំងពេក ទើបគាត់សម្រេចចិត្តទៅគេងនៅ រង្វង់មូល កងព្រហ្មសិន លុះព្រឹកភ្ញាក់ឡើង ទើបដើរឡើងស្ពានជ្រោយចង្វារ បម្រុងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋ ជួយឃាត់ទាន់ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចនាំស្ត្រីនោះ ទៅប៉ុស្តិ៍នគរបាល រដ្ឋបាលជ្រោយចង្វារ ដើម្បីសាកសួរ ណែនាំបន្ថែម រួចទាក់ទងក្រុមគ្រួសារ យកស្ត្រីនោះត្រឡប់ទៅគេហដ្ឋានវិញ៕/V-PC