ដោយ​៖ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ មនុស្ស ៣ នាក់ បាន​លង់ទឹក​ជំនន់ ស្លាប់​នៅ​ទីតាំង ដោយឡែក​ពីគ្នា នៅក្នុង​ថ្ងៃទី ៣ ខែតុលា ឆ្នាំ​២០២១ នៅ​ខេត្តបន្ទាយមានជ័យ គឺ​ករណី​ទី​១ នៅ​ស្រុក​មង្គល​បូរី​, ករណី​ទី​២ នៅ​ក្រុង​ប៉ោយប៉ែត និង​ករណី​ទី​៣ នៅ​ស្រុក​ភ្នំស្រុក ។ នេះ​បើ តាម​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ឃុំ / សង្កាត់ បានអោយដឹង នៅ​ថ្ងៃទី​៤ ខែតុលា នេះ​។​

​ករណី​ទី​១ នគរបាល ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី បានឱ្យដឹងថាៈ នៅវេលា​ម៉ោង ៤​និង​២៤​នាទី រសៀល ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១ ក្រុម​ក្មេង​ជនរងគ្រោះ បាននាំគ្នា ទៅលេង​ទឹក​ប្រឡាយ ដែលមាន​ជម្រៅ​ជ្រៅ ខាងកើត​ភូមិ បណ្តាល​ឲ្យ​លង់​ស្លាប់ ក្មេងស្រី ១​នាក់ ឈ្មោះ ធា ស្រី​លិ អាយុ​១១​ឆ្នាំ នៅ​ភូមិ​ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​ករណី​ទី​២ នគរបាល សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថាៈ​នៅវេលា​ម៉ោង ៤​និង ២០ នាទី រសៀល​ថ្ងៃទី​៣ ខែតុលា នេះ មាន​បុរស ១​នាក់ ឈ្មោះ សុន សាវុធ អាយុ​៤២​ឆ្មាំ រស់នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ មានជ័យ បាន​បើកទូក ទៅ​នេសាទ​ត្រី នៅក្នុង​តំបន់​បឹង​អូ​ខៃ​ដន ជាមួយនឹង​កូនប្រុស​ម្នាក់ អាយុ ១៣ ឆ្នាំ​។ ខណៈ នោះ ជនរងគ្រោះ បើកទូក​ជ្រុល​ទៅបុក​ច្រាំង បណ្តាល​ឲ្យ​បុរស ជា​ឪពុក បាន​ធ្លាក់​ពី លើ​ទូក ហូរ​រសាត់​តាម​ទឹក បាត់​ខ្លួន​តែម្តង ។ បន្ទាប់មក កម្លាំង​ផ្នែក​សឹក រង ក្រុង​ប៉ោយប៉ែត និង កងពលតូច​ថ្មើរជើង លេខ​៥១ នៃ​ក្រុម​រុករក និង​សង្គ្រោះ​ខេត្ត ចំនួន ១០ នាក់ បាន​រុករក ជាច្រើន​ម៉ោង ទើប​ប្រទះឃើញ​សព ។​

​ករណី​ទី​៣ នគរបាល ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក បានឱ្យដឹងថាៈ​នៅវេលា​ម៉ោង ៦​និង​៤០​នាទី យប់​ថ្ងៃទី ៣ ខែតុលា យុវជន​ម្នាក់​ឈ្មោះ អឿន រិ​ន ហៅ ម៉ាប់ អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត សង្កា​ត​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ទៅ​ដាក់​បង្កៃ​ស្ទូចត្រី នៅ​ចំណុច​លូ​បួន​ជ្រុង ខាងកើត ភូមិ​គោក​រំចេក ស្ថិតក្នុង​ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ យុវជន​រងគ្រោះ បានដាក់​បង្កៃ​ស្ទូចត្រី​រួច ក៏​ដើរមក​លាង​ជើង លាងដៃ នៅខាងមុខ​លូ ក៏​រអិល​ជើង ធ្លាក់ចូល​ទៅក្នុង​លូទឹក កំពុង​ហូរ​ខ្លាំង ត្រូវ​ទឹក​កូ​ច បង្ក​អោយ​លង់​ស្លាប់ តែម្ដង​៕/V​