ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ស្នើសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញ មេត្តាប្រគល់ឈើ ដែលគាត់បានទិញ មកពីខេត្តពោធិ៍សាត់ ដើម្បីយកមកសង់ផ្ទះឡើងវិញ ហើយត្រូវរដ្ឋបាលព្រៃឈើ សង្កាត់បរិបូណ៌ ចាប់កាលពីថ្ងៃទី១៤ កញ្ញា ២០២១ កន្លងទៅនេះ ប្រគល់ឈើឱ្យគាត់វិញ ដោយក្តីអនុគ្រោះ។
លោក តឹក គឹមឡាយ អាយុ៦២ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំខាងលើ បានបញ្ជាក់ថាៈ កាលពីថ្ងៃទី១៧ កក្កដា កន្លងទៅ ថាផ្ទះរបស់គាត់ មានទំហំ ៧ គុណនឹង ៩ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ ត្រូវបានភ្លើងឆាប់ឆេះ អស់ទាំងស្រុង មូលហេតុ បណ្តាលមកពី ទុស្សេខ្សែភ្លើង ។
លោក បានបញ្ជាក់ទៀតថាៈ ផ្ទះដែលត្រូវបានភ្លើងឆេះនេះ រស់នៅទាំងអស់ ៥ គ្រួសារ ដែលមានសមាជិកទាំងអស់ ជាង ១០ នាក់ បន្ទាប់ពីផ្ទះ ត្រូវភ្លើងឆេះអស់ ក្រុមគ្រួសារ របស់លោក ក៏ត្រូវស្នាក់នៅក្រោមដំបូលស័ង្កសី មួយផ្ទាំង ដែលភ្លើងមិនបានឆេះ ជា បណ្ដោះអាសន្ន លើដីចាស់នេះ។ ដោយមើលឃើញ ពីទុក្ខលំបាក របស់ក្រុមគ្រួសារលោក សប្បុរសជនជិតឆ្ងាយ រួមទាំងអាជ្ញាធរមូលដ្ឋាន បានជួយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ និងថវិកាជាបន្តបន្ទាប់។
លោក បានឲ្យដឹងទៀតថាៈ បន្ទាប់ពីបានប្រាក់ ដែលសប្បុរសជន បានជួយឧបត្ថម្ភ លោក ក៏បានសុំអនុញ្ញាតច្បាប់ ពីអាជ្ញាធរមូលដ្ឋាន ដើម្បីទៅរកទិញឈើ នៅខេត្តពោធិ៍សាត់ យកមកសង់ផ្ទះថ្មី ខណៈនោះដែរ អាជ្ញាធរឃុំ និងរដ្ឋបាលស្រុកបរិបូណ៌ បានចេញ លិខិតមួយច្បាប់ ដោយអនុញ្ញាតឱ្យលោក ទិញឈើចំនួន ១០ គីប ពីខេត្តពោធិ៍សាត់ ដើម្បីយកមកសង់លំនៅឋានថ្មី ដើម្បីរសនៅ ។
ពេលដែលបានការអនុញ្ញាត ពីអាជ្ញាធរមូលដ្ឋាន រួចហើយ លោក តឹក គឹមឡាយ ក៏បានជួលគោយន្ត ពីរគ្រឿង ទៅរកទិញឈើ ដោយទិញបានឈើ ចំនួន ៨ ម៉ែត្រគីប នៅរ៉ាបំណក់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពេលដឹកឈើមកវិញ ត្រូវឆ្លងកាត់សមត្ថកិច្ច ខេត្តពោធិ៍សាត់ ដែលឈរជើង តាមគោលដៅ ជាច្រើនកន្លែង ពេលនោះ លោកក៏បាន បង្ហាញ លិខិតអនុញ្ញាត ទៅមន្ត្រីឈរជើង គ្រប់គោលដៅ តែមិនមានការឃាត់ឃាំង អ្វីឡើយ។
លុះមកដល់ចំណុច ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ក៏ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ចាប់ឃាត់គោយន្ត ដឹកឈើទុក បើទោះជាលោក បានបង្ហាញលិខិតអនុញ្ញាត ពីអាជ្ញាធរស្រុកបរិបូណ៌ យ៉ាងណាក៏ដោយ។
មកដល់ពេលនេះ ការចាប់ឈើរបស់លោក ខាងលើនេះ មានរយៈពេលជិត ២០ ថ្ងៃមក ហើយ ឥឡូវនេះ លោកត្រូវការឈើ ដើម្បីយកមកសង់លំនៅដ្ឋាន សម្រាប់ជាទីជម្រក ដល់ក្រុមគ្រួសារ ដែលមានសមាជិក ទាំងក្មេង ទាំងចាស់ មានរហូតដល់ជាង ១០ នាក់ ដែលកំពុងខ្វះទីជម្រក ដើម្បីជ្រកកោនឡើងវិញ។
ហេតុនេះ លោក តឹក គឹមឡាយ និងក្រុមគ្រួសារ បានលើកម្រាមដៃដប់ សំពះអង្វរសុំដល់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញ សូមលោកមេត្តាអនុញ្ញាត ប្រគល់ឈើមកឱ្យលោក វិញ ដោយក្តីអនុគ្រោះ ដើម្បីនឹងបានសង់ទីជម្រក សម្រាប់កូនចៅតូចៗ ព្រោះបច្ចុប្បន្ន ពួកគាត់កំពុងជ្រកក្រោមដំបូល ជញ្ជាំងស័ង្កសី មួយផ្ទាំង ដែលសល់ពីភ្លើងឆេះនោះ ពេញមួយរដូវវស្សានេះហើយ។
ជុំវិញករណីខាងលើនេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានឲ្យដឹងនៅវេលាម៉ោង ៤ កន្លះ រសៀលថ្ងៃទី៤ តុលា ២០២១ នេះថាៈ ករណីខាងលើនេះ លោកបានចាត់ឲ្យមន្ត្រីជំនាញ ចុះស្រាវជ្រាវ តាំងពីលំនៅឋាន របស់គាត់ រហូតដល់ទីតាំង ដែលគាត់បានទៅទិញឈើ ពោលគឺបានធ្វើកិច្ចការនេះ រួចរាល់ហើយ ដោយពិនិត្យឃើញថា គ្រួសារលោក (តឹក គឹមឡាយ) ពិតជាបានទទួលរងគ្រោះ ដោយសារភ្លើងឆេះផ្ទះ ប្រាកដមែន ហើយឈើដែលគាត់ ទៅទិញពីពោធិ៍សាត់នោះ គឺយកមកធ្វើផ្ទះ ពិតប្រាកដណាស់ មិនមែនយកមកជួញដូរអ្វីនោះទេ ហើយករណីនេះ លោកក៏បានដាក់សំណើ ជូនទៅលោកអភិបាលខេត្ត រួចហើយដែរ ដោយរង់ចាំតែចំណារ ពីលោកអភិបាលខេត្ត តែប៉ុណ្ណោះ ដើម្បីលោកនឹងអោយមន្ត្រីជំនាញ ប្រគល់ឈើនោះ ឲ្យទៅម្ចាស់គាត់វិញ៕/V