ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២១ បាន​បើ​កិច្ចប្រជុំ​ត្រួតពិនិត្យ លទ្ធផល​ការងារ​ប្រចាំ​ខែកញ្ញា ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព លោក អម សុភា អភិបាលរង​ខេត្ត តំណាង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង មានការ​ចូលរួម​ពី​កងកំលាំងប្រដាប់អាវុធ​ទាំង ៣ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ក្រុង ស្រុក អាជ្ញាធរ ឃុំ​សង្កាត់ នាយប៉ុស្តិ៍​រដ្ឋបាល តាម​ព្រ​ព័ន្ធ​វីដេអូ ហ្សូ​៊​ម ។​

​លោក អម សុភា បាន​មានប្រសាសន៍​បញ្ជាក់ថាៈ កិច្ចប្រជុំ​របស់​គណៈបញ្ជាកា​រ​ឯកភាព រដ្ឋបាលខេត្ត នាពេលនេះ គឺធ្វើឡើង​ដើម្បី​ត្រួតពិនិត្យ វឌ្ឍនភាព​ការងារ ដែល​អង្គភាព​ជំនាញ និង​អាជ្ញាធរ ក្រុង ស្រុក បាន​អនុវត្ត នាពេល​កន្លងមក និង​ការរៀបចំ​ផែនការ កិច្ចការងារ សន្តិសុខ សុ​វត្តិភាព រយៈពេល ៥០ ថ្ងៃ ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន និង​ការពារ​សន្តិសុខ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ជូន​ប្រជាពលរដ្ឋ​។​

​លោក អម សុភា បានបញ្ជាក់​ថាៈ កិច្ចការងារ​ចំពោះមុខ​ជាច្រើន ដែល​អាជ្ញាធរ​មូលដ្ឋាន និង​អង្គភាព​ជំនាញ ពាក់ព័ន្ធ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ គឺ​ការងារ​អនុវត្ត​គោល​នយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ ពង្រឹង​កិច្ចការងារ ទាំងនេះ ឱ្យបាន​ល្អ និង ធ្វើឱ្យមាន​ប្រសិទ្ធភាព ដោយ​ធានាថា ភូមិ​ឃុំ​នីមួយៗ មាន​សន្តិសុខ សុវត្ថិភាព​ល្អប្រសើរ ដោយ​បង្ការ និង​ទប់ស្កាត់ រាល់​បទល្មើស ក្នុង​មូលដ្ឋាន ។

​លោក អម សុភា បានបញ្ជាក់​ទៀតថាៈ ចាប់ពី​ថ្ងៃទី​១២ ខែតុលា នេះ​តទៅ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​សមត្ថកិច្ច ត្រូវ​ប្រចាំការ​តាម​គោលដៅ​នានា តាម​ការិយាល័យ ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ទាំង​ការងារ​សន្តិសុខ និង កិច្ចការងារ អនុវត្ត​វិធានការ របស់​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់ ការរីក​ដាល នៃ​ជំងឺ​កូ​វីដ​១៩ ។

​លោក អម សុភា បាន​បន្តថាៈ សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ រយៈពេល ៣ ថ្ងៃ​ដែលជា​ថ្ងៃ​ឈប់ សំរាក​នេះ គឺ​អាជ្ញាធរ ត្រូវ​ពង្រឹង​សន្តិសុខ ឱ្យបាន​ល្អ ជូន​ព្រ​ជា​ពលរដ្ឋ ពិសេស​ការពង្រឹង វិធានការ ការពារ និង​ទប់ស្កាត់ ជំងឺ​កូ​វីដ​១៩ នៅក្នុង​មូលដ្ឋាន ព្រោះថា នៅក្នុង​រយៈពេល បី​ថ្ងៃនេះ ប្រជាពលរដ្ឋ ត្រឡប់មក​ស្រុកកំណើត ដូចនេះ កម្លាំង​សមត្ថកិច្ច ត្រូវ​ឈរ​នៅ តាម​គោលដៅ ទីប្រជុំជន ដើម្បី​សម្រួល​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ របស់​បងប្អូន​ប្រជា ពលរដ្ឋ កុំឱ្យ​មានការ​កកស្ទះ ចំពោះ​កន្លែង​ប្រមូលផ្តុំ​នៃ​ការធ្វើដំណើរ ត្រូវ​ពង្រឹង​អំពី​វិធានការ ឱ្យបាន​ម៉ត់ចត់​បំផុត បន្ត​យកចិត្តទុកដាក់ លើ​បញ្ហា​សណ្ដាប់ធ្នាប់ បញ្ហា​អនាម័យ នៅ​គ្រប់​ទីកន្លែង ៕/V​