ដោយ:ប.ជ័យ / បន្ទាយមានជ័យ: កម្លាំងយោធាផ្នែកសឹករងក្រុងប៉ោយប៉ែតប្រតិបត្តិការមុជទឹករកឃើញសពអ្នកនេសាទ ហើយជួយសែងនឹងអង្រឹងយកសពទៅដល់ផ្ទះឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

លោកវរសេនីយ៍ទោ ទ្បេង ហុងលាង មេបញ្ជាការផ្នែកសឹករងប៉ោយប៉ែតដឹកនាំកម្លាំងជួយស្វែរកបុរសអ្នកនេសាទម្នាក់ ដែលបានបាត់ខ្លួនដោយសារលង់ទឹកនៅចំណុចអាងអូរខៃដនកាលពីថ្ងៃទី ៣ ខែតុលាវេលាម៉ោងជាង៤ល្ងាច ។

កម្លាំងផ្នែកសឹករងប៉ោយប៉ែតចំនួន ១០ នាក់ ដឹកនាំដោយលោកមេបញ្ជាការផ្នែកសឹករងប៉ោយប៉ែតនោះបានរុករកសព ដែលលង់ទឹកឈ្មោះ សុន សាវុធ អាយុ៤២ឆ្មាំ រស់នៅភូមិយាងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

អ្នកនេសាទខាងលើនិងកូនប្រុសអាយុ១៣ឆ្នាំបានបើកទូកកាណូតទៅនេសាទត្រីនៅក្នុងតំបន់បឹងអូខៃដនស្ថិតនៅក្នុងភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត។ទូករបស់ជនរងគ្រោះបានបើកទៅបុកនឹងច្រាំងបណ្តាលឱ្យបុរសជាឪពុកធ្លាក់ពីលើទូកហូររសាត់តាមទឹកបាត់ខ្លួន(លង់ទឹក)នៅចំណុចអាងអូរខៃដន។

ករណីរុករកសពអ្នកនេសាទនេះ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងក្រុមរករកនិងសង្គ្រោះក៏បានតស៊ូមុជទឹក រាវរកដែរ ៕សរន