ដោយៈ រិទ្ធិសែន / ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនការងារ នគរបាលសណ្តាប់ធ្នាប់ និងជាលោកឧត្តមសេនីយ៍ ទោ ស ថេង ស្នងការនគរបាល ខេត្តពោធិ៍សាត់ និងលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងនគរបាល ចរាចរណ៍ផ្លូវគោក និងអ្នកស្ម័គ្រចិត្ត ព្រមទាំងយុវជនកាកកបាទក្រហមកម្ពុជាខេត្ត បានចុះបើកយុទ្ធនាការ ផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិធានការទប់ស្កាត់ ការឆ្លងជម្ងឺកូវីដ-១៩ និងបានបំពាក់មួក ការពារសុវត្ថិភាព ចែកខិតប័ណ្ណផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងចែកម៉ាស់ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចរាចរ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្តុបផ្សារភួពុយ នៅមុនពេលបុណ្យភ្ជុំបិណ្ឌមកដល់ ។
លោកឧត្តមសេនីយ៍ត្រី នូវ តាល់ បានមានប្រសាសន៍ឲ្យដឹងថាៈ ការចុះបំពាក់មួក ការពារសុវត្ថិភាព ចែកខិតប័ណ្ណផ្សព្វផ្សាយ និងម៉ាស់ នាពេលនេះ គឺក្នុងគោលបំណង ក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក និងស្វែងយល់ អំពីហានិភ័យ និងគុណវិបត្តិ នៃការមិនអនុវត្ត គោរព ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយ នូវអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ។
ស្នងការរងនគបាលចរាចរណ៍ បានអោយដឹងទៀតថាៈ ការបន្តចុះអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នៅពេលខាងមុខនេះ ៕/V