ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុក សាមគ្គីមានជ័យ រដ្ឋបាលឃុំក្រាំងល្វា ឃុំខ្នាឆ្មារ ឃុំធ្លកវៀន និងយុវជនសហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) ស្រុក-ឃុំ បានចុះផ្សព្វផ្សាយ អប់រំណែនាំ ស្តីពីវិធានការ ការពារការរីករាលដាល ជំងឺកូវីដ-១៩ នៅទីប្រជុំជនផ្សារក្រាំងល្វា ឃុំក្រាំងល្វា វត្តឧទុម្ពរ ឃុំក្រាំងល្វា វត្តបឹងខ្នារ ឃុំខ្នាឆ្មារ និងវត្តភ្នំទស្សពិត ឃុំធ្លកវៀន ក្នុងភូមិសាស្ត្រ ស្រុកសាមគ្គី មានជ័យ។
លោកអភិបាលរងខេត្ត បានផ្សព្វផ្សាយ អប់រំណែនាំ អំពីវិធានការរាជរដ្ឋាភិបាល ៣ ការពារ ៣ កុំ និងវិធានការណែនាំនានា របស់ក្រសួងសុខាភិបាល ដល់បងប្អូនអាជីវករ លក់ដូរ ទាំងអស់ សូមឱ្យពាក់ម៉ាស់ជាប្រចាំ លាងដៃឱ្យបានញឹកញាប់ ព្រមទាំងណែនាំ ឱ្យអ្នកទិញ ត្រូវពាក់ម៉ាស់ និងរក្សាគម្លាត អោយបានត្រឹមត្រូវ។
បន្ទាប់មក លោកអភិបាលរងខេត្ត បានបន្តដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយនៅវត្តឧទុម្ពរ វត្តបឹងខ្នារ និងវត្តភ្នំទស្សពិត ដោយបានបង្គំទូលថ្វាយ ដល់ព្រះសង្ឃ និងជម្រាបជូនដល់ គណៈកម្មការគ្រប់គ្រងវត្ត និងពុទ្ធបរិស័ទ ចំណុះជើងវត្ត សូមឱ្យរក្សាគម្លាត ពាក់ម៉ាស់ បាញ់អាល់កុល ពេលយកចង្ហាន់ ទេយ្យទាន និងថវិកា មកប្រគេនព្រះសង្ឃ។
ចំណែកព្រះសង្ឃ និងគណៈកម្មការវត្ត ត្រូវរៀបចំកន្លែងទទួលបច្ច័យ កន្លែងអុជទានធូប ឬទីសក្ការៈបូជា ឱ្យមានសុវត្ថិភាព ពោលគឺ រៀបចំឱ្យមានគម្លាត ណែនាំឱ្យពាក់ម៉ាស់ និងកុំប្រជ្រៀតគ្នា។
ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត និងក្រុមការងារ ក៏បានប្រគេនបច្ច័យ និងសម្ភារៈ ដល់វត្តទាំងបី ដោយក្នុង ១វត្ត ទទួលបាន:ថវិកា ចំនួន ៣៨០.០០០ រៀល ម៉ាស់ ១០ ប្រអប់ និងអាល់កុល ៥ លីត្រ ៕/V