ដោយ: ម៉េងឆៃ / ភ្នំពេញ: ក្នុងអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋជាច្រើន បានធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្ត ទៅតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស។ ការធ្វើដំណើរចល័តដូច្នេះ នាំឲ្យមានការព្រួយបារម្ភថា នឹងអាចធ្វើឲ្យកម្ពុជាយើង ប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ ជាពិសេសមេរោគប្រភេទដែលតា ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស។
ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ ពិសេសដើម្បីការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងក្រសួងសុខាភិបាល ទាំងក្រសួងការងារ និងទាំងអាជ្ញាធររាជធានីភ្នំពេញបានចេញវិធានការផង អំពាវនាវផង ធ្វើយ៉ាងណា កុំឲ្យឆ្លងរាលដាលកូវីដ១៩។
កាលពីថ្ងៃអាទិត្យ ទី៣ ខែតុលាសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរ ៣ចំណុច ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
រាជរដ្ឋាភិបាល ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន នៅក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពិសេសវិធានការ ៣កុំ និង ៣ការពារ ព្រមទាំងត្រូវគោរពវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារពីការឆ្លងមេរោគកូវីដ១៩។
ក្រសួងការងារ នៅថ្ងៃទី៤ ខែតុលា ក៏បានចេញសេចក្តីណែនាំបន្ថែម ដោយលើកទឹកចិត្តឲ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ សម្រាប់ធ្វើតេស្តរកមេរោគកូវីដ១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។ ការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ នេះ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការផាកពិន័យទៅលើម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតឡើយ។
ក្នុងនោះ ដើម្បីចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស ក៏ដូចជា ការរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ( New Normal ) និងការត្រៀមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្រសួងការងារ ក៏បានណែនាំដល់កម្មករនិយោជិត ដែលបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសពាក់ម៉ាស លាងដៃញឹកញាប់នឹងសាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គល ក្នុងពេលធ្វើដំណើរដោយរថយន្តរួម និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬអាល់កុលជែលលាងដៃ។
រីឯរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានចេញលិខិត នៅថ្ងៃទី៤តុលា ណែនាំដល់អភិបាលខេត្តរាជធានីទូទាំងប្រទេស ត្រូវពង្រឹងសកម្មភាពនៃយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋក្រុមគោលដៅឲ្យបានគ្រប់ៗគ្នា។
កន្លងមកនេះ ក្រសួងសុខាភិបាល សង្កេតឃើញមានការធ្វេសប្រហែសរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ក្នុងការអនុវត្តវិធានការបង្ការការចម្លងវីរុសកូវីដ១៩ ដែលធ្វើឲ្យមានការហក់ឡើងវិញ នូវការចម្លងជំងឺកូវីដ១៩ នៅតាមខេត្តមួយចំនួន ហើយក្នុងនោះ ការឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ និងការស្លាប់មាននៅក្នុងចំណោមបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩។
មួយថ្ងៃមុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ គឺរដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិត ប្រកាសលើកទឹកចិត្តឲ្យអ្នកធ្វើដំណើរទៅស្រុក និងកម្សាន្តតាមរមណីយដ្ឋាន អំឡុងពេលភ្ជុំបិណ្ឌ ប្រើមធ្យោបាយធ្វើដំណើរឯកជន។ នោះគឺដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ពិសេសមេរោគ ប្រភេទដែលតា ( Delta ) ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត និងធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ឲ្យប្រើមធ្យោបាយធ្វើដំណើរឯកជន ដោយចៀសវាងការប្រើមធ្យោបាយធ្វើដំណើររួម ដែលងាយនឹងឆ្លងកូវីដ១៩។
ក្នុងករណីចៀសមិនផុតពីការប្រើមធ្យោបាយធ្វើដំណើររួមគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរអំឡុងពេលឈប់សម្រាកនេះ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ដាច់ខាតតាមវិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការពារ។
តាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋជាច្រើន អាចធ្វើដំណើរទៅជួបជុំគ្រួសារ និងធ្វើដំណើរកម្សាន្ត តាមរមណីយដ្ឋាននានា ដែលអាចធ្វើឲ្យប្រទេសកម្ពុជាយើង ប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩។
ក្រៅពីនេះ អាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ ក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី៤ ខែតុលា ក៏បានប្រកាសរឹតបន្តឹងលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការការពារការរីករាលដាលជំងឺកូវីដ១៩ ក្នុងពេលប្រជាពលរដ្ឋ សម្រុកចាកចេញពីភ្នំពេញ ទៅកាន់ស្រុកកំណើត និងដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
អាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ តម្រូវឲ្យអ្នកធ្វើដំណើរទាំងអស់ ទោះជាតាមឡានឈ្នួល ឡានក្រុង ឡានផ្ទាល់ខ្លួន និងតាមម៉ូតូក៏ដោយ ពេលចេញចូលរាជធានីភ្នំពេញ ត្រូវតែពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា រួមទាំងការគោរពច្បាប់ចរាចរណ៍។ បើមិនដូច្នោះទេ ប៉ូលិស ដែលដាក់ពង្រាយតាមច្រកផ្លូវចេញចូលរាជធានីភ្នំពេញ នឹងចាប់ផាកពិន័យ តាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
ជាសរុប ការបោះជំហានឆ្ពោះទៅកាន់ការបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ នាពេលខាងមុខ គឺរង់ចាំមើលលទ្ធផល ក្នុងអំឡុងពេល និងក្រោយការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ។ តើឆ្លងរាលដាលកូវីដ ឬទេ ដោយសារតែការចល័តធ្វើដំណើរច្រើន ពិសេសអ្នកចេញពីភ្នំពេញ ទៅលេងស្រុកផង និងអ្នកចេញទៅខេត្តដើរលេង តាមរមណីយដ្ឋាននានាផង។
តែឆ្លង ឬមិនឆ្លង ហើយអាចបើកប្រទេសបានឡើងវិញ ឬមិនបាន ក៏អាស្រ័យលើប្រជាពលរដ្ឋយើងម្នាក់ៗ មិនថា ពេលភ្ជុំ ក្រោយភ្ជុំ ឬពេលណាណានោះទេ។ ម្នាក់ៗ ត្រូវតែបន្តអនុវត្តវិធានការសាមញ្ញៗ តែមានប្រសិទ្ធភាពខ្ពស់ កុំឲ្យឆ្លងកូវីដ តាមរយៈ ៣ការពារ គឺពាក់ម៉ាស លាងដៃឲ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង រួមទាំងវិធានការ ៣កុំ គឺកុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា និងកុំកៀកស្មាគ្នា នៅតែចាំបាច់បំផុត និងត្រូវអនុវត្តជាប់ជាប្រចាំ ទោះបីម្នាក់ៗ បានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។
ម្យ៉ាងទៀត រាជរដ្ឋាភិបាល មានភាគរយខ្ពស់ គូសវាសទុករួចហើយថា អ្វីៗ នឹងដំណើររលូនតាមការគ្រោងទុក គឺកម្ពុជាយើង នឹងបើកប្រទេសឡើងវិញបាន ព្រោះកាលពីពាក់កណ្តាលខែកញ្ញា សាលារៀនបើកដំណើរការឡើងវិញ ដោយមិនមានបញ្ហាអ្វី ទោះបីជាអ្នកភ្នំពេញ រកឃើញគ្រូ និងសិស្ស ៤៧នាក់ ឆ្លងកូវីដ នៅមុន និងនៅថ្ងៃបើកសាលារៀនដំបូង ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យក៏ដោយ។ មួយវិញទៀត ប្រជាជនកម្ពុជា ចាប់ពីអាយុ ៦ឆ្នាំឡើង ចាក់វ៉ាក់សាំង បានដល់ជាង ១៣លាននាក់ ជិតគ្រប់ចំនួនតាមផែនការ ហើយអ្នកអាយុចាប់ពី ១៨ឆ្នាំឡើង ក៏បានចាក់វ៉ាក់សាំងដូសទី៣ ជាបណ្តើរៗ ខណៈថ្ងៃទី១១តុលា ពេលភ្ជុំរួច នឹងចាប់ផ្តើមចាក់ដូសទី៣ ដល់ប្រជាជនទូទៅ។ ពេលនេះ កម្ពុជា កំពុងរៀនរស់ជាមួយកូវីដ ខណៈអត្រាអ្នកឆ្លងថយចុះ ទោះបីជាអ្នកស្លាប់មានក្នុងរង្វង់ ២០នាក់ ក្នុងថ្ងៃក៏ដោយ៕សរន