ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែតុលានេះថាៈ ការប្រារព្ធទិវាគ្រូបង្រៀន និងដោយឡែក ទិវា ដឹងគុណគ្រូបង្រៀន នៅកម្ពុជា ជាទិវាមួយ ដែលបានកើតឡើង ក្រោមគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៧ មានគោលបំណង បំផុសឡើងវិញ នូវវប្បធម៌ និងប្រពៃណី នៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លា របស់សិស្ស ចំពោះគ្រូបង្រៀន នៅទូទាំងប្រទេស ។ គ្រូបង្រៀន បានខិតខំអំណត់ ព្យាយាម ក្នុងការបំពេញភារកិច្ច ជា អ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរចំណេះដឹង ព្រមទាំងទូន្មាន សិស្សានុសិស្ស ឱ្យធ្វើអំពើល្អ ស្គាល់ខុសត្រូវ គោរពចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀន ដើម្បីមានសីលធម៌ល្អ និងរៀន ដើម្បីរួមរស់នៅ ជាមួយគ្នា ប្រកបដោយភាពសុខដុម។ គ្រូបង្រៀន បានរួមចំណែកកសាង សិស្សានុសិស្ស ឱ្យក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកំលាំងចលករ នៃការអភិវឌ្ឍសង្គមជាតិ។
លោកបានបន្តថាៈ ក្រសួងអប់រំ យុវជន និងកីឡា ផ្តោតលើការលើកកម្ពស់ជីវភាព និងគុណវុឌ្ឍិ របស់គ្រូបង្រៀន សម្រាប់ចូលរួមចំណែក ពង្រឹងគុណភាពអប់រំ ដូចមានចែង នៅក្នុងផែនការ យុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ដែលមានបំណងចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ប្រែក្លាយ សេដ្ឋកិច្ចកម្ពុជា ឲ្យមានចំណូលមធ្យម កម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ ២០៥០ ។ ក្នុងបរិការណ៍នេះ គ្រូបង្រៀន បន្តដើរតួនាទីសំខាន់មួយ ក្នុងការលើកកម្ពស់ គុណភាពរៀន និងបង្រៀន មុននិងក្នុងបរិបទកូវីដ-១៩។
ក្នុងអាណត្តិទី ៦ នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី ៤ ដោយបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១ ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្ដេជ្ញាសម្រេចឱ្យបាន នូវមុំទី១ ស្ដីពី “ការពង្រឹងគុណភាព អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ដោយផ្ដល់អាទិភាពលើ ១) ការយកចិត្តទុកដាក់ លើគ្រូបង្រៀន , ២) ការពង្រីកវិសាលភាព សាលារៀនគ្រប់កម្រិត , ៣) ការពង្រឹងអធិការ កិច្ច គ្រប់ជ្រុងជ្រោយ លើការគ្រប់គ្រងសាលារៀន, ៤) ការជំរុញការអប់រំបច្ចេកទេស នៅមធ្យមសិក្សាទុតិយភូមិ , ៥) ការអប់រំបំណិន ឱ្យស្របតាមទីផ្សារការងារ , ៦) ការអភិវឌ្ឍ កម្មវិធីសិក្សា និងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយ និង ៧) ការត្រៀមប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣។
អ្នកនាំពាក្យ បានបន្តទៀតថាៈ ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តលើកកម្ពស់ គុណវុឌ្ឍិគ្រូបង្រៀន ដោយមានកិច្ចសហការ វិជ្ជមានជាមួយ គ្រប់ភាគីពាក់ព័ន្ធ ដូចជាក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមសុីវិល វិស័យឯកជន សហគមន៍តាមមូលដ្ឋាន មាតាបិតា សិស្ស-និស្សិត និងបុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ ដើម្បីបន្តអនុវត្តន៍ ផែនការសកម្មភាព នៃគោលនយោបាយ ស្តីពីគ្រូបង្រៀន របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា ការបន្តអនុវត្តយុទ្ធសាស្ត្រ កំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ២០១៨ – ២០២៣ ។
មុននិងក្នុងបរិការណ៍កូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បន្តលើកកម្ពស់ ការបណ្តុះបណ្តាល គ្រូបង្រៀន តាមរយ:ការបន្តអនុវត្ត កំណែទម្រង់គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូ និងលើកកម្ពស់គុណវុឌ្ឍិ គ្រូបង្រៀន ដោយៈ
– បន្តអនុវត្ត ផែនការសកម្មភាព កំណែទម្រង់គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូ។
– ជំរុញគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ឲ្យបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលឱ្យបានពេញលេញ និងច្បាស់លាស់
– កំណត់អ្នកទទួលខុសត្រូវកម្រិតបច្ចេកទេស ដើម្បីឱ្យមានការទទួលខុសត្រូវរឹតតែច្បាស់លាស់។
-បន្តផ្តល់ការបណ្តុះបណ្តាល ដោយប្រើវិធីសាស្ត្រ បង្រៀនថ្មីៗ និងការប្រើបច្ចេកវិទ្យា ព័ត៌មាន ក្នុងដំណើរការបង្រៀន និងរៀន ។ គ្រូបង្រៀន ក៏ទទួលបានវិធីសាស្ត្រ បង្រៀនថ្មីៗ រួមមាន ការរៀនសូត្រ សកម្មការរៀន បែបស្ថាបនា ការរៀនតាមបែបដោះស្រាយ បញ្ហាការ រៀន តាមបែបស្រាវជ្រាវ និងការរៀនតាមបែប រិះរក រួមទាំងបច្ចេកទេស គ្រប់គ្រងថ្នាក់រៀន ផ្ទាល់ និងតាមអនឡាញ។
ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តលើកកម្ពស់ ជីវភាពគ្រូបង្រៀន÷
-ប្រាក់ខែគ្រូបង្រៀន នៅឆ្នាំ២០១៥ គឺចន្លោះជាង ៥ សែនរៀល ដល់ ១លាន២សែនរៀល
-ប្រាក់ខែគ្រូបង្រៀន នៅឆ្នាំ២០២១ គឺចន្លោះ ១លាន២សែនរៀល ដល់២លាន១សែនរៀល ។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ ជូនចំពោះលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹង ប្រែង បំពេញកម្រងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមនសិការ ស្នេហាជាតិ។ ឧបការគុណនេះ ជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ គុណភាព មូលធនមនុស្សកម្ពុជា៕/V