​ប្រែ​សម្រួលៈ​វាសនា​/​ស៊ីដ​នី​៖ អូស្ត្រាលី​នឹង​ទិញ​ឳ​សថ​ព្យាបាល​កូវី​ដ​១៩​របស់​ក្រុមហ៊ុន Merck & Co Inc​ចំនួន​៣០០.០០០​ឈុត​(១​ឈុត​១០​គ្រាប់​) នេះ​បើ​តាម​ការបញ្ជាក់​របស់​នាយក​រដ្ឋ​​មន្ត្រី ស្កត់ ម៉ូ​រី​សុន កាលពី​ថ្ងៃ​អង្គារ​ទី​៥​តុលា ។​

​នាយករដ្ឋមន្ត្រី ស្កត់ ម៉ូ​រី​សុន​ពិចារណា​ទិញ​ឳ​ស​ថ​Molnupiravir​ចំនួន​៣០០.០០០​ឈុត​ស្មើ​៣​លាន​គ្រាប់​

​ឳ​សថ​Molnupiravir​ដែល​នឹង​ជា​ថ្នាំលេប​លើកដំបូង​សំរាប់​ព្យាបាល​ជំងឺ​កូវី​ដ​១៩ (​បើសិនជា​ទទួល​បានកា​រ​អនុញ្ញាត​អោយ​ប្រើ​)​អាច​កាត់បន្ថយ​ការស្លាប់​ឬ​ការ​ដេក​ពេទ្យ​បាន​ពាក់​​កណ្តាល​សំរាប់​ក្រុម​មនុស្ស​ងាយ​ឆ្លង​វីរុស​កូរ៉ូណា​បំផុត នេះ​បើ​តាម​អ្នកជំនាញការ​។​

​នាយករដ្ឋមន្ត្រី ស្កត់ ម៉ូ​រី​សុន បាន​ប្រាប់​សារព័ត៌មាន​Nine News កាលពី​ថ្ងៃ​អង្គារ​ថា « ការព្យាបាល​នេះ​មានន័យថា​យើង​នឹង​អាច​រស់នៅ​ជាមួយ​វីរុស​»​នៅពេល​អូស្ត្រាលី​មាន​បំណង​បើក​​ព្រំដែន​របស់​ឡើងវិញ​នៅ​ខែ​ក្រោយ​សំរាប់​អ្នក​ចាក់​វ៉ាក់សាំង​ពេញលេញ​និង​អ្នករស់នៅ​អូស្ត្រាលី​អចិន្ត្រៃយ៍​។​

​លោក​ម៉ូ​រី​សុន​បាន​និយាយថា​ថ្នាំ​គ្រាប់​Molnupiravir​ត្រូវ​លេប​មួយថ្ងៃ​២​ដង​និង​ប្រើ​៥​ថ្ងៃ​សំរាប់​អ្នក​ពេញវ័យ​។​ថ្នាំ​នេះ​ត្រូវ​រំពឹងថា​នឹង​មាន​លក់​នៅ​អូស្ត្រាលី​នៅ​ដើម​ឆ្នាំ​ក្រោយ​បើសិនជា​ត្រូវ​​បាន​និយ័ត​ករឳ​សថ​ប្រទេស​អនុម័ត​អោយ​ប្រើ​វា​។​

​ក្រុមហ៊ុន​Merck​រំពឹងថា​នឹង​ផលិត​ចេញ​ថ្នាំ​នេះ​១០​លាន​ឈុត​នៅ​យ៉ាងយូរ​ត្រឹម​ចុងឆ្នាំ​២០២១​។​

​សូមបញ្ជាក់​ថា កូរ៉េខាងត្បូង ថៃ តៃវ៉ាន់ និង​ម៉ាឡេស៊ី សុទ្ធតែ​បាន​និយាយថា ពួកគេ​កំពុង​ពិភាក្សា​ទិញ​ឳ​សថ​នេះ​នៅ​ពេល​ហ្វីលីពីន​កំពុង​សាកល្បង​វា​។​

​ក្នុងពេល​ជាមួយគ្នា អូស្ត្រាលី​កំពុង​បង្កើន​ការចាក់​វ៉ាក់សាំង ដោយ​ទីក្រុង​ស៊ីដ​នី​និង​មែន​ប៊​ន រួម​ទាំង​រដ្ឋធានី កង់​បេរ៉ា កំពុង​ស្ថិត​ក្នុង​ការបិទ​ខ្ទប់រាប់​សប្តាហ៍​មក​ហើយ​ដើម្បី​ប្រយុទ្ធប្រឆាំង​​នឹង​វីរុស​ចម្លង​ខ្លាំង​Delta ។​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ អូស្ត្រាលី​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ដូសដំបូង​អោយដល់​ប្រជាជន​ពេញវ័​យរបស់​ខ្លួន​បាន​ប្រមាណ​៨០​ភាគរយ​៕

​រដ្ឋាភិបាល​ថៃ​ក៏​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ឳ​សថ​អាម៉េរិក​Merck & Co​ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​កូវី​ដ​១៩​នេះ​២០០.០០០​ឈុត​