ដោយៈ អង្គារ៍ហេង / កណ្តាលៈ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរសាធាណការ និងដឹកជញ្ជូន ខេត្តកណ្តាល ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ នេះ បានអោយដឹងថាៈ កំណាត់ផ្លូវជាតិលេខ ៧០A ស្ថិតនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល កំពុងតែរងគ្រោះ ដោយសារតែការបាក់ច្រាំងទន្លេ មកដល់ផ្លូវជាតិ តែម្ដង ដែលកត្តានេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានប្រកាសផ្អាក រថយន្តធុនធ្ងន់ មិនឲ្យធ្វើ ចរាចរណ៍ នៅលើកំណាត់ផ្លូវនេះ ជាបណ្ដោះ​អាសន្នសិន។ ប៉ុន្តែរថយន្ត ប្រភេទគ្រួសារ អាចឆ្លងកាត់ បានធម្មតា។

ក្នុងសេចក្តីប្រកាស បានឱ្យដឹងថាៈ ទីតាំងច្រាំងបាក់ បានបាក់មុខ ដល់ផ្លូវកៅស៊ូ ទៅហើយ តែច្រាំងបាក់នេះ កំពុងតែជួស​ជុល ដោយក្រសួងធនធានទឹក និងឧតុនិយម ។ ប៉ុន្តែដើម្បី កុំឱ្យបាក់ ដល់ផ្លូវជាបន្តទៀត និងគ្រោះថ្នាក់ជាយថាហេតុ ណាមួយ ចំពោះការធ្វើដំណើរ ឆ្លងកាត់ទីតាំងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមប្រកាសផ្អាក ការធ្វើចរាចរណ៍ សម្រាប់រថយន្តធុនធ្ងន់ ទាំងអស់ លើកំណាត់ផ្លូវជាតិ លេខ៧០A ចាប់ពីចំណុចផ្លូវកែង ក្បែរគល់ស្ពាន ផ្សាររកាកោង ទៅដល់ស្ពានព្រែកកុយ ស្ថិតនៅឃុំ រកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ជាបណ្ដោះអាសន្នសិន ចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ រហូតដល់ការជូនដំណឹង បើកឱ្យចរាចរឡើងវិញ។ ដោយឡែក សម្រាប់រថយន្តគ្រួសារ អាចធ្វើដំណើរបានធម្មតា។

ជុំវិញការបាក់ច្រាំងនេះ លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្ដាល បានបញ្ជាក់ថាៈ ក្រសួង​បានស្ថាបនា ទីតាំងបាក់ច្រាំងនេះហើយ នៅរង់ចាំតែទឹកស្រក នឹងធ្វើការស្ថាបនា ច្រាំងឡើងវិញ ជាបន្តបន្ទាប់៕/V