ដោយ:បាយ័ន/សៀមរាបៈកាលពីថ្ងៃទី ៤ ខែតុលាកន្លងទៅនេះ នៅសាលាខេត្តសៀមរាប ក្រុមហ៊ុន និងពាណិជ្ជករថៃនៅកម្ពុជាចំនួន ៣២រូប បានផ្តល់នូវអំណោយតាមរយៈស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ដែលដឹកនាំដោយលោក ជិរ៉ាវុធ សុវណ្ណអាត អគ្គទីប្រឹក្សាទទួលបន្ទុកពាណិជ្ជកម្ម នៃស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានមកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ជាគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ផ្សេងៗ ដើមី្បចូលរួមចំណែក ក្នុងការទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លាងនៃវីរុសកូវីដ-១៩ នៅមូលដ្ឋានខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត។

ក្នុងឱកាសនោះ លោក ទៀ សីហា បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន និងពាណិជ្ជករថៃ ដែលជាភូមិផងរបងជាមួយគ្នា តែងតែធ្វើការចែករំលែក និងឧបត្ថម្ភដល់ប្រទេសជាមិត្ត នៅពេលជួបទុក្ខលំបាក។ ម៉្យាងទៀតក្នុងពេលកន្លងមកនេះ អាជ្ញាធរថៃបានជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរ ដែលបានធ្វើមាតុភូមិនិវត្តចូលមកក្នុងប្រទេសកម្ពុជា៕