ដោយៈ ប.ខុន / ភ្នំពេញៈ ប្រព័ន្ធសម្ពាធទាប នៅថ្ងៃទី៥ ខែតុលា បានស្ថិតនៅលើ ភាគខាង ត្បូង របស់ប្រទេសកម្ពុជា ហើយវានឹងរំកិល ឡើងលើ (ជើង) នៅពេលបន្ទាប់ ធ្វើឱ្យមាន ភ្លៀងធ្លាក់ រាយប៉ាយ ខ្លាំង នៅលើផ្ទៃសមុទ្រ ព្រមពេលជាមួយគ្នានេះ សម្ពាធទាបសកម្ម នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានការវិវត្ត នឹងបង្កើនឥទ្ធិពល ទៅជាកូនព្យុះ នៅពេល បន្ទាប់។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៥ ខែតុលានេះថាៈ ប្រព័ន្ធសម្ពាធពេលនេះ (៥ តុលា) ស្ថិតនៅលើភាគខាងត្បូង របស់ប្រទេសកម្ពុជា ហើយវានឹងរំកិលឡើងលើ (ជើង) នៅពេល បន្ទាប់ ធ្វើឱ្យការភ្លៀងធ្លាក់ រាយប៉ាយ មានជាហូរហែរ។ នៅលើផ្ទៃសមុទ្រ មានខ្យល់ខ្លាំង និងរលកខ្ពស់ៗ។
នៅឯក្នុងសមុទ្រចិនវិញ អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បានបញ្ជាក់ថាៈ សម្ពាធទាប សកម្ម នៅលើប្រទេសហ្វីលីពីន បានរំកិលចូលក្នុងសមុទ្រចិនខាងត្បូង ដោយមានការវិវត្ត ប្រែប្រួលលឿន ហើយនឹងបង្កើនឥទ្ធិពល ទៅជាកូនព្យុះ នៅពេលខាងមុខ។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែតុលា បានជូនដំណឹង ស្តីពីការព្យាករ ស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថាៈ នៅថ្ងៃទី៨ ខែតុលា ខាងមុខ មានសម្ពាធទាបសកម្មមួយ បានកើតឡើង នៅលើប្រទេសហ្វីលីពីន ។
សម្ពាធទាបសកម្មនេះ នឹងបង្កើនឥទ្ធិពល ជាបន្តបន្ទាប់ ធ្វើដំណើរចូលក្នុងសមុទ្រចិន ខាងត្បូង ដោយអាចបង្កើនឥទ្ធិពល ទៅជាព្យុះទី១៧ ព្រមពេល ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ពីខ្យល់មូសុងនិរតី ក្នុងកម្រិតពី មធ្យម ទៅខ្លាំង ជ្រលងសម្ពាធទាប ប៉ាស៊ីហ្វិក, ឥទ្ធិពលព្យុះទី១៧ និងប្រព័ន្ធសម្ពាធទាប (ITCZ)។
សេចក្តីជូនដំណឹង សរសេរទៀតថាៈ ស្ថានភាពអាកាសធាតុបែបនេះ ធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា ពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ អាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ មួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និងខេត្តសៀមរាប ។ ពីថ្ងៃទី១០ ដល់ ១២ ខែតុលា នឹងអាចមានខ្យល់កន្ត្រាក់ ក្នុងល្បឿនមធ្យម ។
សម្រាប់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមា ពី ១៩ ទៅ ២១ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៥ ទៅ ២៧ អអ្សាសេ អាចនឹងមាន ពពកច្រើន ដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជា ជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រមួយចំនួន ដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម និងខេត្តត្បូង ឃ្មុំ ។ ពីថ្ងៃទី១០ ដល់ ១២ ខែតុលា អាចមានខ្យល់កន្ត្រាក់ ក្នុងល្បឿន ពីមធ្យម ទៅខ្លាំង។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមា ពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៥ ទៅ ២៧ អង្សាសេ អាចមានពពកច្រើន មានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅមធ្យម អាចមានពពកច្រើន ដេរដាស មានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតមធ្យម ទៅខ្លាំង ដែលអាចបង្ក ជាជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រមួយចំនួន ដូចជា ខេត្តកោះកុង និងក្រុងព្រះសីហនុ ។ ពីថ្ងៃទី ១០-១២ ខែតុលា អាចមានខ្យល់កន្ត្រាក់ ក្នុងល្បឿន ពីមធ្យមទៅខ្លាំង ជាមួយនឹងរលក នៅលើផ្ទៃសមុទ្រ មានកម្ពស់ពីមធ្យម ទៅខ្ពស់ ។
យោងតាមការព្យាករ ស្ថានភាពធាតុអាកាស ដូចជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ សាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ខាងលើ៕/V