ប្រែ​សម្រួលៈ​វាសនា​/​គូ​ឡា​ឡាំ​ពួរ​៖ កាលពី​យប់​ថ្ងៃ​ចន្ទ​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​កោះហៅ​តំណាង​ចិន​ប្រចាំ​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​មក​ស្តាប់​ការតវ៉ា​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​អះអាងថា នាវា​​ចិន​បើក​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​របស់​ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​ក្រសួងការបរទេស​ម៉ាឡេស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​គូ​ឡា​ឡាំ​ពួរ លោក​អូ​យ៉ាង យូ​ជី​ញ នឹង​«​បញ្ជូន​ការប្រឆាំង​របស់​ម៉ាឡេស៊ី​​ចំពោះ​វត្តមាន​និង​សកម្មភាព​នាវា​ចិន រួម​មាន​នាវា​អង្កេត​រក​ធនធានធម្មជាតិ​មួយ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ម៉ាឡេស៊ី​»​ទៅកាន់​រដ្ឋាភិបាល​ចិន​។​

​ក្រសួង​បាន​ចោទប្រកាន់​ចិន​ថា​រំលោភ​ច្បាប់​ក្នុងស្រុក​និង​អន្តរជាតិ ដោយសារ​តែ​បញ្ជូន​នាវា​មក​ក្បែរ​ឆ្នេរ​រដ្ឋ​សា​បា​និង​សា​រ៉ា​វ៉ាក់ ដែល​ជា​ផ្នែក​មួយ​នៃ​កោះ​ប័រណេ​អូ របស់​ម៉ាឡេស៊ី​។​

​វា​ជា​ចំណាត់ការ​ដូច​គ្នា​លើក​ទី​២​នៅ​ឆ្នាំ​នេះ ដោយ​កាលពី​ខែ​មិថុនា​ម៉ាឡេស៊ី​ក៏​បាន​ប្រឆាំង​តវ៉ា ក្រោយ​ពី​យន្តហោះ​យោធា​ចិន​១៦​គ្រឿង​បាន​បង្ហាញខ្លួន​នៅឯនា​យកោះ​ប័រណេ​អូ​លើ​សមុទ្រចិន​​ខាងត្បូង កន្លែង​ដែល​ចិន​ក៏​អះអាងថា​ជា​របស់​ខ្លួន​ផងដែរ​។​ម៉ាឡេស៊ី​ចោទប្រកាន់​ចិន​ថា បាន​រំលោភ​អធិបតេយ្យភាព​របស់​ខ្លួន តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និយាយថា​វា​ជា​ការហោះ​ហ្វឹក​តាម​​ទម្លាប់​ធម្មតា​។​

​សូមបញ្ជាក់​ថា ចិន​អះអាង​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរ​ទាំងស្រុង​ហើយ​បាន​ស្ថាបនា​ប៉ុស្តិ៍​ប៉ម​យោធា​នៅលើ​កោះ​តូចៗ​និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក នាំអោយ​មាន​កំហឹង​ក្នុងចំណោម​អ្នកអះអាង​​កម្មសិទ្ធិ​ជាន់​ជាមួយ​ចិន រួម​មាន​វៀតណាម ហ្វីលីពីន ព្រុយ​ណេ និង​កោះ​តៃវ៉ាន់​។​

​អាម៉េរិក​ក៏​បាន​បញ្ជូន​នាវា​និង​យន្តហោះ​ចម្បាំង​កាត់​តំបន់​នេះ​ផង​ដែរ ដើម្បី​អះអាង​សិទ្ធិ​អន្តរជាតិ​ក្នុងការ​ធ្វើ​នាវាចរណ៍​ដោយ​សេរី​ដែល​នាំអោយ​ចិន​ខឹង​៕

​កាលពី​ខែ​មិថុនា យន្តហោះ​យោធា​ចិន​បាន​បង្ហាញ​ខ្លួនៅ​ឯ​នាយកោះ​ប័រណេ​អូនាំ​អោយ​ម៉ាឡេស៊ី​តវ៉ា តែ​ចិន​តប​វិញ​ថា​វា​ជា​ការហោះ​ហ្វឹកហាត់​ធម្មតា​ស្របតាម​ច្បាប់​អន្តរជាតិ​ដោយ មិន​បាន​ផ្តោត​​លើ​ប្រទេស​ណាមួយ​ទេ​