​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​(​បាងកក​ប៉ុស្តិ៍​)៖ អង្គការ​សង្គម​កាកបាទ​ក្រហម​ថៃ កាលពី​ថ្ងៃ​អង្ការ​បានចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​មួយ​សំរាប់​កម្មករ​ចំណាកស្រុក ជា​ក្រុម​មនុស្ស​ងាយ​​រងគ្រោះ​មួយ ដែល​ភាគច្រើន​ត្រូវបាន​គេ​ទុក​ចោល​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កន្លងមក​។​

​កម្មករ​ចំណាកស្រុក​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​កាលពី​ថ្ងៃ​៥​តុលា​

​កម្មករ​ប្រមាណ​៣០០​នាក់​បាន​ទទួល​វ៉ាក់សាំង​ដូសដំបូង​របស់​គេ​ជា​មួយ​ជនភៀសខ្លួន​គ្មាន​ឯកសារ​មួយចំនួន​តូច​កាលពី​ថ្ងៃ​អង្គារ​។​វា​ជា​ផ្នែក​នៃ​យុទ្ធនាការ​មួយ​រហូតដល់​ចុងខែ ដែល​ពីដំបូង​​ផ្តោត​លើ​កម្មករ​៥.០០០​នាក់​។​

​ទិន្នន័យ​រដ្ឋាភិបាល​បង្ហាញថា កម្មករ​ពលករ​ចំណាកស្រុក​ប្រមាណ​២,៣៥​លាន​នាក់ ត្រូវបាន​អនុញ្ញាត​អោយ​ធ្វើការ​នេះ​ថៃ តែ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ប៉ាន់ស្មាន​ថា​មាន​៤​លាន​ទៅ​៥​លាន​នាក់​។​ពួកគេ​រស់នៅ​ក្នុង​ទីតាំង​បញ្ជ្រៀត​គ្នា​ដែល​ងាយ​នឹង​ឆ្លងកូវី​ដ​១៩ និង​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​សំណង់ រោងចក្រ​និង​អាហារ​សមុទ្រ​។​

​រដ្ឋាភិបាល​ថៃ​បាន​បិទ​ការដ្ឋាន​សំណង់​រាប់រយ​ហើយ​រារាំង​មិន​អោយ​កម្មករ​ចាកចេញ​ពី​ជំរំ​របស់​គេ​រយៈពេល​១​ខែ ក្រោយ​ការផ្ទុះកូ​វីដ​១៩​ជា​ចង្កោម​នៅ​ក្រុង​បាងកក​កាលពី​ខែ​មេសា​។​

​ថ្ងៃ​អង្គារ​នេះ ក្រសួង​សុខាភិបាល​ថៃ​បានប្រកាស​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន ៩.៨៦៩​នាក់ និង​អ្នកជំងឺ​៩២​នាក់​ទៀត​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​។​ចំនួន​ឆ្លង​នេះ​បាន​ធ្លាក់ចុះ​បន្តិច ដោយ​កាលពី​​ថ្ងៃ​ចន្ទ​ក្រសួង​ប្រកាស​អ្នក​ឆ្លង​ថ្មី ៩.៩៣០​នាក់​។​

​ចាប់តាំងពី​ថ្ងៃ​១​មេសា ពេល​កូវី​ដ​១៩​រលក​ទី​៣​វាយប្រហារ​ប្រទេស​នេះ​មក ថៃ​បាន​រកឃើញ​អ្នក​ឆ្លង​សរុប ១.៦២៨.៣៦៨​នាក់​និង​១៧.១០៩​នាក់​ស្លាប់​ដោយ​ជំងឺឆ្លង​នេះ​៕