ដោយៈ ប.ខុន / ភ្នំពេញៈ អភិបាលខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី៥ ខែតុលា បានជួបសំណេះសំណាល ជាមួយអង្គភាព កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ និង អង្គភាពប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ ដែលជាកងកម្លាំងប្រចាំការ នៅពេលមួយថ្ងៃ មុនពិធីបុណ្យភ្ជុំបិណ្ឌ មកដល់នៅថ្ងៃទី៦ ខែតុលា ស្អែកនេះ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លៃងកោតសរសើរ ដល់កងកម្លាំងរបស់ អង្គភាព ទាំងពីរ ដែលកន្លងទៅ ក៏ដូចជា នៅពេលនេះ បានខិតខិតអនុវត្តភារកិច្ច តាមតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេស កិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ ។
ក្រៅពីការសួរសុខទុក្ខ និងផ្តាំផ្ញើដល់កងកម្លាំង ឱ្យបន្តខិតខំអនុវត្តភារកិច្ច តាមតួនាទីរបស់ខ្លួន ពិសេសនៅក្នុងឱកាសបុណ្យភ្ជុំ ដែលមានប្រជាពលរដ្ឋ មកលេងកម្សាន្តច្រើន នៅតាមឆ្នេរ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ លោក គួច ចំរើន ក៏បានផ្តល់អំណោយ លើកទឹកចិត្ត ដល់អង្គភាពទាំងពីរ ដោយមួយអង្គភាព ទទួលបានទឹកក្រូច ចំនួន ១០០ កេស, ទឹកពិសាបរិសុទ្ធ អង្គរពូរ៉ូ ចំនួន៥០កេស និងថវិកាចំនួន ១០ លានរៀល៕/V