​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានបញ្ជាក់​ថាៈ នៅ​ចំពោះមុខ បញ្ហា​ប្រឈម នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល ២ ឆ្នាំ ចុងក្រោយ​នេះ កងទ័ពជើងគោក ក៏​បាននិងកំពុង​មមាញឹក សស្រាក់​ស្រាំ ចូលរួម​ជាមួយ រាជរដ្ឋាភិបាល នៅក្នុង​គ្រប់​កិច្ចការ ទាំងអស់ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត ជា​សាកល​នេះ តាមរយៈ​សកម្ម​ភាពជា​ច្រើន ដូចជា​៖ ការការពារ​សន្តិសុខ នៅតាម​មណ្ឌល​ព្យាបាល និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​, ការដឹកជញ្ជូន ស្បៀង ចែកជូន​ប្រជាពលរដ្ឋ​, ការចូលរួម​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​, ការចុះ​បាញ់ថ្នាំ​សម្លាប់ មេរោគ តាម​ទីកន្លែង​សាធារណៈ​, ការជួយ​ដឹកជញ្ជូន ប្រជា​ពលករ ត្រឡប់​មកពី​ប្រទេស​ថៃ​, និង​ការចូលរួម ក្នុង​យុទ្ធនាការ​ជាតិ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស ដោយ​សម្រេច បាន​ជោគជ័យ គួរ​ជាទី​មោទនៈ​។​

​ការបញ្ជាក់​នេះ បានធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍ បូកសរុប​លទ្ធផល​ការងារ យោធា​-​សន្តិសុខ រយៈពេល ៩ ខែ និង​លើក​ទិសដៅ​បន្ត ត្រីមាស​ទី​៤ ឆ្នាំ​២០២១ របស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២១​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថាៈ លើសពីនេះ អនុវត្តតាម​គោលការណ៍ ណែនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន កងទ័ព​ជើង គោក ក៏បាន​រៀបចំ​មណ្ឌល​ព្យាបាល និង​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅតាម​បណ្តា យោធភូមិភាគ និង​កងពល​មួយចំនួន ដើម្បី​ជួយ​ព្យាបាល និង​ថែទាំ​សុខភាព ជូន​យោធិន គ្រួសារ​យោធិន ឱ្យបាន​ដិតដល់ ពេញលក្ខណៈ កាន់តែ​ប្រសើរ​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​គ្រប់​បណ្តា​ស្ថាប័ន – កងឯកភាព ចំណុះ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច សម្រេចបាន​ស្នាដៃ និង​សមិទ្ធផល​ការងារ ជាច្រើន ក្នុង​រយៈពេល ៩ ខែ ដើមឆ្នាំ​២០២១ នេះ ជាអាទិ៍ ការពារ​បូរណភាព​ទឹកដី​, ការថែរក្សា​សុខសន្តិភាព​, ស្ថិរភាព​, សន្តិសុខ និង​សណ្តាប់ធ្នាប់ សាធារណៈ​, ការកសាង​ពង្រឹង អង្គភាព​រឹងមាំ លើ​គ្រប់​វិស័យ​, ការជួយឧបត្ថម្ភ គាំទ្រ ដោះស្រាយ​ការលំបាក ជូន​អតីតយុទ្ធជន និង​ប្រតិបត្តិការ ចុះជួយ​សង្គ្រោះ ប្រជាពលរដ្ឋ ក្នុង​គ្រោះមហន្តរាយ ទឹកជំនន់ ជាដើម​។​

​មេបញ្ជាការ​កងទ័ពជើងគោក បាន​បន្តទៀតថាៈ ជា​ទិសដៅ​ការងារ​បន្ត សម្រាប់​ឆ្នាំ ២០២១ នេះ សូម​បណ្តា​ស្ថាប័ន​-​កងឯកភាព ចំណុះ​កងទ័ពជើងគោក​ទាំងអស់ បន្ត​យកចិត្តទុកដាក់ និង​ត្រៀមលក្ខណៈ​អនុវត្ត គ្រប់​ភារកិច្ច ទាំង​កិច្ចការងារ​ស្នូល និង​ភារកិច្ច​នានា តាម​បទបញ្ជា របស់ រាជរដ្ឋាភិបាល​, ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន ក៏ដូចជា ការត្រៀម​បម្រុង កម្លាំង មធ្យោបាយ និង​សម្ភារ សម្រាប់​ប្រតិបត្តិការ ជួយសង្គ្រោះ គ្រោះមហន្តរាយ ជាយថាហេតុ​ផ្សេងៗ ។​

​ជាមួយគ្នានេះ​ផងដែរ នាយទាហាន នាយទាហានរង និង​ពលទាហាន កងទ័ពជើងគោក ទាំងអស់ ក៏ត្រូវ​បន្ត​ចូលរួម អនុវត្ត​វិធានការ​សុខាភិបាល “៣​កុំ ៣​ការពារ​” ឱ្យបាន​ខ្ជាប់​ខ្ជាប់ ដើម្បី​ការពារ​សុខភាព​ខ្លួនឯង ក្រុមគ្រួសារ និង​អង្គភាព ជាពិសេស ការប្រុងប្រយ័ត្ន ចំពោះ​ហានិភ័យ ក្នុងឱកាស​នៃ​ការជួបជុំ​ផ្សេងៗ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​៕/V​