ដោយៈ ជា សីហៈ/ភ្នំពេញៈ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានអះអាងថា សត្វអណ្តើកបីប្រភេទ កំពុងតែប្រែប្រួលស្ថានភាពរបស់វា ប៉ុន្តែកំពុងតែអភិរក្សនិងបំប៉ន ដើម្បីលែងទៅដែនជម្រកធម្មជាតិវិញ ។

ប្រភពដដែលបានបន្តថា ការធ្វើបច្ចុបន្នភាពចុងក្រោយបំផុតបង្ហាញថា ឥឡូវនេះអណ្តើកសោម និងអណ្តើកក្របីក្បាលលឿងត្រូវបានគេទទួលស្គាល់ជាប្រភេទរងគ្រោះជិតផុតពូជបំផុត ហើយអណ្តើកក្អែកវិញក៏ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះជិតផុតពូជផងដែរ។

ប្រភពដដែលបានសង្កត់ធ្ងន់ថា បើគ្មានការធ្វើអន្តរាគមន៍ពីមនុស្សក្នុងការអភិរក្សទេ សត្វទាំងបីប្រភេទនេះនឹងប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំងក្នុងពេលអនាគត។
នៅឯមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ពួកយើងមានកម្មវិធីបង្កាត់ពូជក្រៅតំបន់ (ក្រៅជម្រកធម្មជាតិ) សម្រាប់ប្រភេទសត្វជិតផុតពូជទាំងនេះ ដែលក្នុងនោះគោលបំណងរបស់យើងគឺដើម្បីបង្កើតនិងចិញ្ចឹមកូនដែលអាចរស់បានដើម្បីពួកយើងអាចលែងពួកវាឱ្យត្រឡប់ចូលទៅក្នុងព្រៃវិញនៅពេលអនាគត៕