ប្រែសម្រួលៈវាសនា/តៃប៉ិះ,វ៉ាស៊ីនតោន ៖ ក្រោយពីយន្តហោះយោធាចិនក្នុងចំនួនដ៏ច្រើនបំផុតបានហោះចូលក្នុងអ្វីដែលអាជ្ញាធរកោះនេះអះអាងថាជាតំបន់ការពារដែនអាកាសរបស់ខ្លួន រដ្ឋមន្ត្រីយោធានៃកោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃពុធនេះថា ភាពតានតឹងយោធាជាមួយចិនមានសភាពអាក្រក់បំផុតនៅរយៈពេល៤ទសវត្សរ៍មកនេះ។
ភាពតានតឹងបានឡើងដល់កំរិតខ្ពស់សាជាថ្មី រវាងរដ្ឋាភិបាលក្រុងតៃប៉ិះនិងប៉េកាំងដែលចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិន នៅពេលយន្តហោះយោធាចិនកាន់តែបង្កើនចំនួនយន្តហោះនិងចំនួនដងហោះចូលទៅក្នុងតំបន់ដែលតៃវ៉ាន់កំណត់ថាជាតំបន់ការពារដែនអាកាសរបស់ខ្លួន។
រយៈពេល៤ថ្ងៃចាប់ពីថ្ងៃសុក្រសប្តាហ៍មុន តៃវ៉ាន់បានកត់ត្រាឃើញយន្តហោះចិនដល់ទៅ១៥០គ្រឿងហោះចូលក្នុងអ្វីដែលតៃវ៉ាន់អះអាងថាជាតំបន់ការពារដែលអាកាសរបស់ខ្លួន តែចិនចាត់ទុកថាវាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន។
នៅពេលត្រូវបានសមាជិកសភាម្នាក់សួរអំពីភាពតានតឹងយោធាជាមួយចិន រដ្ឋមន្ត្រីយោធាតៃវ៉ាន់លោក សុង កូឆេង បាននិយាយថា សភាពការណ៍«ធ្ងន់ធ្ងរបំផុត»បើធៀបនឹងសភាពការណ៍នានានៅជាង៤០ឆ្នាំមកនេះ ចាប់តាំងពីលោកបានចូលរួមក្នុងជួរយោធាមក។លោកបានបន្ថែមថាអាចមានហានិភ័យអំពី«ការបាញ់ដោយយល់ច្រឡំ»កាត់ច្រកសមុទ្រតៃវ៉ាន់។
លោកបានប្រាប់គណៈកម្មាធិការសភាមួយដែលកំពុងពិនិត្យមើលឡើងវិញលើចំណាយយោធាចំនួន២៤០ពាន់លានដុល្លារតៃវ៉ាន់(៨,៦១ពាន់លានដុល្លារអាម៉េរិក)សំរាប់សព្វាវុធផលិតក្នុងស្រុក រួមមានកាំជ្រួចនិងនាវាចម្បាំងថា «សំរាប់ខ្ញុំជាទាហានម្នាក់ ភាពបន្ទាន់កំពុងស្ថិតនៅពីមុខខ្ញុំហើយ»។
ចិនចាត់ទុកតៃវ៉ាន់ជាខេត្តផ្តាច់ខ្លួនមួយដែលរង់ចាំតែបង្រួបបង្រួមជាមួយចិនឡើងវិញ និងអាចប្រើកម្លាំងក្នុងករណីចាំបាច់ តែអាជ្ញាធរតៃវ៉ាន់និយាយថា ខ្លួនជាប្រទេសឯករាជ្យមួយហើយនឹងការពារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ។
លោកសុង បាននិយាយថា ចិនមានសមត្ថភាពចូលឈ្លានពានតៃវ៉ាន់និងអាចធ្វើការវាយលុកចូលតៃវ៉ាន់ពេញទំហឹងនៅយ៉ាងយូរត្រឹមឆ្នាំ២០២៥។
ការចំណាយយោធាពិសេសរបស់តៃវ៉ាន់នៅ៥ឆ្នាំខាងមុខភាគច្រើននឹងធ្លាក់ទៅលើសព្វាវុធជើងទឹក រួមមានសព្វាវុធប្រឆាំងនាវាមុជទឹក ដូចជាប្រព័ន្ធកាំជ្រួចមានមូលដ្ឋានលើដី។
ការលើកឡើងរបស់លោកសុងកើតឡើងក្រោយពីប្រធានាធិបតីអាម៉េរិកបាននិយាយកាលពីថ្ងៃអង្គារថា លោកបាននិយាយទៅកាន់ប្រធានាធិបតីចិន ស៊ី ជីនភីង អំពីបញ្ហាកោះតៃវ៉ាន់ហើយថាពួកលោកបានយល់ព្រមគោរពតាមកិច្ចព្រមព្រៀងតៃវ៉ាន់។
លោកបៃដិនទំនងចង់និយាយដល់ «គោលការណ៍ចិនតែមួយ»ដែលមានជាយូរមកហើយដែលនៅក្រោមគោលការណ៍នេះ អាម៉េរិកទទួលស្គាល់តែរដ្ឋាភិបាលក្រុងប៉េកាំង និងមិនទទួលស្គាល់រដ្ឋាភិបាលក្រុងតៃប៉ិះទេ ព្រមទាំង«ច្បាប់ទំនាក់ទំនងតៃវ៉ាន់»ដែលបញ្ជាក់ច្បាស់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសំរេចបង្កើតទំនាក់ទំំនងការទូតជាមួយចិនប៉េកាំងជំនួសអោយតៃវ៉ាន់ អាស្រ័យលើការរំពឹងថា អនាគតរបស់តៃវ៉ាន់ នឹងត្រូវកំណត់ដោយមធ្យោបាយសន្តិវិធី៕
រដ្ឋមន្ត្រីយោធាកោះតៃវ៉ាន់ អះអាងប្រាប់សភាថា ចិនមានសមត្ថភាពវាយលុកចូលកោះតៃវ៉ាន់