ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាម ដោយសារជនសង្ស័យម្នាក់ កាប់នឹងកាំបិតផ្គាក់ វាយនឹងចបជីក ត្រង់ចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០២១។
លោក ហ៊ុន សុហុន អធិការនគរបាលស្រុកថ្ពង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ មានឈ្មោះ អ្វី មីន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង បានទាស់ពាក្យសម្តីគ្នាជាមួយជនរងគ្រោះ ឈ្មោះ សៅ វ៉ៃ ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា បានយកកាំបិតផ្គាក់យកមកកាប់ និងចបជីកវាយបណ្តាលឲ្យបែកក្បាលធ្លាយខួរ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង។
ប្រភពបានបន្តថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា គេពិតជាបានយកកាំបិតផ្គាក់ និងចបជីកវាយលើជនរងគ្រោះពិតប្រាកដមែន ដោយជនរងគ្រោះជេរប្រមាថឪពុកម្តាយរបស់គេ ហើយខឹងទ្រាំលែងបាន ទើបកាប់វាយនឹងចបជីកទៅជនរងគ្រោះតែម្តង៕