ដោយៈ ប.ខុន / ភ្នំពេញៈ ក្រោយពីបានជួបសំណេះសំណាល ជាមួយអង្គភាព អាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ កាលពីល្ងាច ថ្ងៃទី៥ តុលា រួចមក នៅព្រឹកថ្ងៃទី៦ខែ តុលានេះ លោកអភិបាល ខេត្តព្រះសីហនុ បានជួបសំណេះ សំណាល និងសួរសុខទុក្ខ ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ដែលប្រចាំការ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ដោយមានទាំងអំណោយ លើកទឹកចិត្តផង។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ចំពោះគណៈស្នងការ និងមន្ត្រីនគរបាល នៃស្នងការនគរបាល ខេត្តព្រះសីហនុ ស្របពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការ ឈប់សម្រាកការងារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តែកម្លាំងនគរបាល របស់យើង មិនបានឈប់សម្រាកទេ រឹតតែបង្កើនសកម្មភាព បំរើសេវា ការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរ នៅតាមតំបន់ រមណីយដ្ឋាននានា និងតំបន់ឆ្នេរ។
លោកអភិបាលខេត្ត បានបន្តថាៈ រាជរដ្ឋាភិបាល បានអំពាវនាដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវតែអនុវត្តវិធានសុខាភិបាល និងអនុសាសន៍ ៣. ការពារ និង៣.កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាកាត់បន្ថយ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌនេះ ដើម្បីបើកដំណើរការ សេដ្ឋកិច្ចឡើងវិញ។
លោក គួច ចំរើន បានថ្លែងបញ្ជាក់ថាៈ រាជរដ្ឋាភិបាល បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ បានជាង ៨០ ភាគរយហើយ ខេត្តព្រះសីហនុក៏បានចាក់វ៉ាក់សាំងបានជាង ៨០ ភាគរយ ហើយដែរ ដើម្បីបង្កើនភាពសុំាក្នុងខ្លួន និងកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលរបស់យើង បង្កើនការល្បាត នៅតាមគោលដៅសំខាន់ៗ ជាពិសេស នៅតាមឆ្នេរសមុទ្រ ជាប្រចាំ ដើម្បីធានាសន្តិសុខ សុវត្ថិភាព ជូនបងប្អូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យកាន់តែមានភាពកក់ក្តៅ ក្នុងការមកលេងកម្សាន្ត នៅខេត្តរបស់យើង។
នៅក្នុងឱកាសនេះ លោក គួច ចំរើន បាននាំយកអំណោយ ឧបត្ថម្ភមានដូចជា ទឹកក្រូច ចំនួន ២០០ កេស ទឹកសុទ្ធ១០០កេស និងថវិកា ២០លានរៀល ជូនស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្ត៕/V