ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលជា​កូនប្រុស​ច្បង​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបង្ហាញ​សារ​គាំទ្រ​ចំពោះ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្នើ​ឲ្យ​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សិក្សា​រៀបចំ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កំណត់​ឲ្យ​ថ្នាក់ដឹកនាំ​ជាតិ ដែល​កាន់​តួនាទី​ជា​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​។​

​តាមរយៈ​បណ្តាញ​សង្គម លោក ស សុខា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ “​ក្នុងនាម​យុវជន​ខ្មែរ​មួយរូប ខ្ញុំ​សូម​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ប្រគល់អោយ​ក្រសួងយុត្តិធម៌ សិក្សា​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​សេចក្តីព្រាងច្បាប់​អង្គការ ដែល​ចេញពី​រាជរដ្ឋាភិបាល ឬ​ជា​សេចក្តីស្នើច្បាប់ ដែល​ចេញពី​ព្រឹទ្ធសភា និង​រដ្ឋសភា ដោយ​កំណត់​ឲ្យ​ថ្នាក់ដឹកនាំ​ជាតិ ដែល​កាន់​តួនាទី​ជា​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​។

​លោក​បាន​បញ្ជាក់ថា ជា​ការពិត​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រកាន់យក​ធម៌​ខន្តី និង​មានការ​យោគយល់​ខ្ពស់​ចំពោះ​អ្នកនយោបាយ​ខ្មែរ មិន​ថា​មកពី​គណបក្សនយោបាយ​ណា ឬ​និន្នាការ​ណា ដែល​បាន​និរទេស​ខ្លួន​ទៅ​រស់នៅ​បរទេស ទោះ​ក្នុង​ហេតុផល​ណាក៏ដោយ ដើម្បី​បាន​វិល​ត្រឡប់មក​ធ្វើការ​ប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត ការបញ្ចេញ​មតិយោបល់ និង​ការចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ដោយ​មិន​សម្រេចយក​លក្ខខណ្ឌ​សញ្ជាតិ ១ ឬ ២ មក​កំណត់​ឡើយ​។​

​ទន្ទឹមនឹង​ការយោគយល់​នេះ ក្រុម​អ្នកនយោបាយ​ប្រឆាំង​ក្រៅ​ស្រុក តែង​ព្យាយាម​ប្រើ​គ្រប់​ល្បិចកល ដើម្បី​វាយប្រហារ​មកលើ​ថ្នាក់ដឹកនាំ​កំពូល​របស់​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ទង្វើ​មិនល្អ​ទាំងនេះហើយ តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស សម្រេចចិត្ត​សិក្សា​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​កំណត់អោយ​ថ្នាក់ដឹកនាំ​ជាតិ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ ដូច​ទៅនឹង​ថ្នាក់ដឹកនាំ​នាពេល​បច្ចុប្បន្ន​ដែរ ។​

​ជាថ្មី​ម្តងទៀត លោក​សូម​គាំទ្រ​ចំពោះ​អនុសាសន៍​របស់​សម្តេច​តេ​ជោ និង​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ព​ន្លឿ​ន​ការសិក្សា​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ស្តីពី​ការកំណត់​អោយ​ថ្នាក់ដឹកនាំ​ជាតិ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​នេះ ឲ្យ​បាន​លឿន ដើម្បី​ដាក់ចេញ​អនុវត្ត​តរៀង​ទៅ​“ ៕​