ដោយៈ​សុផល​/​ប្រទេស​ថៃ​៖ កាលពីពេល​កន្លងទៅ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កម្ពុជា តំណាង​ដ៏​ខ្ពង់ ខ្ពស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន បាន​អញ្ជើញ​សិក្សា​ស្វែង យល់ ​អំពី​គម្រោង“​ទេសចរណ៍​វេជ្ជសាស្ត្រនិង​សុខភាព​- Medical and Healthy Tourism ” នៅ​មន្ទីរពេទ្យ​យ​សោធនក្នុង​ខេត្ត​យ​សោធន និង​ខេត្ត​មុកដា​ហាន ដោយ មាន​ការអញ្ជើញ​ចូលរួម​ពី លោក​បណ្ឌិត​សាស្ត្រាចារ្យ សាំង​ស៊ីត ភី​រី​យ៉ា​រ៉ាង​សាន សមា ជិក​ព្រឹទ្ធសភានិង​លោកភុ​ន​ផល ផេ​ថង​ប្រធាន​ក្លឹប​ច្នៃប្រឌិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​ថៃ​។​

​ពេល​វិបត្តិ​កូ​វីដ​-១៩មាន​ភាព​ធូរស្រាលប្រទេស​កម្ពុជានិងប្រទេស​ថៃ​នឹង​បើក​ទទួល​​អ្នកទេសចរ​មកពី​ជុំវិញ​ពិភពលោក​ឡើងវិញ​តាមបែប​គន្លង​ថ្មី(New Normal​s​) ក្នុង​នោះ ក្រុម​អ្នកទេសចរ​ដែល​នឹង​ចាប់ផ្តើម​ការធ្វើដំណើរ​មុនគេ​គឺជា​អ្នក​ដែល​បាន​ត្រៀមខ្លួន​រួចជាស្រេច​លើ​បញ្ហា​សុខភាព​ដោយ​ពួកគេ​នឹង​គិតគូរ​ពី​បញ្ហា​សុខ​ភាពជា​អាទិភាព តាមរយៈ​ការប្រើប្រាស់​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​បច្ចេកវិទ្យា​សម្រាប់​កំណត់​គោលដៅ​នៃ​ការធ្វើដំណើរ​។ ដូច្នេះ អាជីវកម្ម​ទេសចរណ៍ និង​បុគ្គលិក បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ទាំង​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ត្រូវតែ​ផ្លាស់ប្តូរ​ទម្លាប់​ការងារ​ចាស់ ឬ​ត្រូវ​សម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​តាម “​គន្លង​ប្រក្រតីភាព​ថ្មី​” ដែល​ខុសពី​ទម្លាប់​មុន​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថៃ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បានបង្ហាញ​ចំណាប់អារម្មណ៍​ថា “​ទេសចរណ៍​សុខភាព​នឹង​ក្លាយជា​និន្នាការ​ថ្មី​បន្ទាប់ពី​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​១៩ដូច្នេះគ្រប់​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​គួរតែ​ត្រៀម​ខ្លួន​ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​ដែល​បារម្ភ​អំពី​សុខភាព​របស់​ពួកគេ​។ កត្តា​សំខាន់​បន្ទាប់ គឺ​ការធានាបាន​នូវ​សុវត្ថិភាព ការផ្តល់​ព័ត៌មាន​រហ័ស ភាព​ស្អាតនិង​អនាម័យ​​ជូន​ភ្ញៀវ​ដែលជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​អាជីវកម្ម​នីមួយៗ​ក្នុង​ការជួយ​បង្កើន​ទំនុកចិត្ត​ដល់​ភ្ញៀវ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​រាតត្បាត​ផ្សេងៗ​ផងដែរ​”​។​

សូមបញ្ជាក់ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ច្រើន​ជាងគេ​ទី ២ នៅ​អាស៊ីអាគ្នេយ៍​បន្ទាប់ពី​ប្រទេស​សឹង្ហ​បុរី​៖ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ជាង ៩៩% នៃ​ប្រជាជន​គោលដៅ ១០ លាន​នាក់ខណៈដែល​ប្រជា​ជ​ន​នៅ​រាជធានី​ភ្នំពេញ​បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ និង​ដូ​ស​ជំរុញ​លើក​ទី ៣ រួចហើយ​ដែរ និង​កំពុង​បន្ត​ចាក់​ជូន​កុមារ និង​យុវវ័យ​ចាប់ពី​អាយុ ១២ ឆ្នាំ ដល់​ក្រោម១៨ ឆ្នាំនិង​កុមារ​ចាប់ពី​អាយុ៦ឆ្នាំដល់​ក្រោម ១២ ឆ្នាំ ដែលជា​ឱកាស​សម្រា​ប់​ការត្រៀម​បើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ​នៅ​ត្រីមាស​ទី៤ឆ្នាំ ២០​២១ នេះ ឬ​នៅ​អំឡុង​ខែវិច្ឆិកា​ខាងមុខនេះ​។​

​លោក ផុន​ផល ផេ​ថង ប្រធាន​ក្លឹប​ច្នៃប្រឌិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ទេសចរ​ណ៍​នៃ​ប្រទេស​ថៃ​បាន​មានប្រសាសន៍ថា​៖ “​និន្នាការ​នៃ​ការធ្វើដំណើរ​នឹង​ផ្លាស់ប្តូរ​ទាំង​ស្រុង​ពី​ទម្រង់​ដើម​ដែល​កាលពីមុន​អ្នកទេសចរ​និយម​ការធ្វើដំណើរ​ជា​ក្រុម​ធំៗ ឬ​ដំណើរ​កម្សាន្ត​ជា​ក្រុម ប៉ុន្តែ​ចាប់ពីពេលនេះ​ទៅ ការធ្វើដំណើរ​កម្សាន្ត​នឹង​ផ្លាស់ប្តូរ​ទៅជា​ក្រុម​តូច និង​ឯករាជ្យ (Free Independent Traveler-FIT)​។ ដើម្បី​កាត់បន្ថយ​ហានិភ័យ​សម្រាប់​អាជីវកម្ម​ទេសចរណ៍ និង​ភ្ញៀវ​ដែល​មក​កម្សាន្ត យើង​អាច​រៀបចំ​ការធ្វើដំណើរ​ជា​ក្រុម​ធំ​ដោយ​ការគ្រប់គ្រង​ការធ្វើដំណើរ​តាមរយៈ​រថយន្ត​ឯកជន ឬ​ការធ្វើដំណើរ​ក្នុង​ទម្រង់​សុវត្ថិភាព​មួយ​ផ្សេង​ពី​ទម្រង់​ដើម ចំណែក​ប្រភេទ​នៃ​សេវា​កម្ម​ស្នាក់នៅ​ទេសចរណ៍ និង​រយៈពេល​នៃ​ការ​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​ក៏​អាច​នឹង​ត្រូវបាន​កែសម្រួល​ថ្មី​ផងដែរ​”​។​

​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បង្ហាញ​សុទិដ្ឋិនិយម ក្នុងការ​សហការគ្នា​រៀបចំ​បើក​ទទួល​ទេសចរ​អន្តរជាតិ​ដោយ​ការផ្តល់​កញ្ចប់​សេវា​ទេសចរណ៍​ពិនិត្យ​សុខភាព​សម្រាប់​ជនជាតិខ្មែរ​-​ថៃ ដែល​កញ្ចប់​ទេសចរណ៍​សុខភាព​នេះ នឹង​ផ្តល់ជូន​ទេសចរ​ទាំង​ដំណើរ​កម្សាន្ត​ផង ទាំង​សុខ​ភាពល្អ​ផង ព្រោះថា បច្ចុប្បន្ន​ជុំវិញខ្លួន​យើង​មាន​ជំងឺ​ថ្មីៗ​ជាច្រើន ដូច្នេះ សុខភាព​គឺជា​រឿង​សំខាន់បំផុត​សម្រាប់​មនុស្ស​គ្រប់រូប ការ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​គឺជា​រឿង​ចាំបាច់ ។

​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា និង​ក្រុមការងារ​ត្រូវ​បានទទួល​ស្វាគ​មយ៉ាង​កក់ក្តៅ​ពី​អាជ្ញាធរខេត្ត និង​លោកស្រី Prapasri Suchantabutr សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​មន្ទី​ពេទ្យ Dr. Han Group Hospital ព្រមទាំង​សហការី​។ សូមបញ្ជាក់ថា Dr. Han Group Hospital ជា​ក្រុមហ៊ុន ឯកជន​ផ្តល់​សេវា​ផ្នែក​សុខាភិបាល​ដ៏​មាន​ទំនុកចិត្ត​មួយ​នៅ​ភាគ​ឥ​សាន្ត​របស់​ប្រទេស​ថៃ បច្ចុប្បន្ន​មាន​មន្ទីរពេទ្យ​សាខា​ចំនួន ៤ ក្នុងនោះ​មាន​មន្ទីរពេទ្យ​សាខា​ចំនួន ១ នៅ​ខេត្តសៀមរាប ប្រទេស​កម្ពុជា​ផងដែរ​។ លោក​វេជ្ជបណ្ឌិត Hann Suchantabutr ជា​គ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​ក្នុង​សម្ព័ន្ធ​ក្រុមហ៊ុន Dr. Han Group Hospital ដែល​ផ្តល់​សេវា​ព្យាបាល​ជំងឺមហារីក និង​ជំងឺ​តម្រងនោម​៕​Ph