ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានប្រកាស គាំទ្រ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ សិក្សា​អំពី​ការរៀបចំ​ធ្វើ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ ដើម្បី​កំណត់ឱ្យ នាយករដ្ឋមន្ត្រី​, ប្រធានរដ្ឋសភា​, ប្រធានព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សញ្ជាតិ​ខ្មែរ តែមួយ​។​

​លោក​ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍ថាៈ លោក​ពេញចិត្ត និង​គាំទ្រ ចំពោះ​ការលើកឡើង របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​៦ ខែតុលា បាន​បញ្ជា​ឱ្យ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ សិក្សា​អំពី​ការរៀបចំ​ធ្វើ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ ដើម្បី​កំណត់ឱ្យ នាយករដ្ឋមន្ត្រី​, ប្រធានរដ្ឋសភា​, ប្រធានព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សញ្ជាតិ​ខ្មែរ​តែមួយ​។ “​សម្រាប់​ខ្ញុំ​សូមបញ្ជាក់​ជូន​ថា ខ្ញុំ​ពេញ​ចិត្តនឹង​ការលើកឡើង របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ឲ្យ​ក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យមើល អំពី​ការធ្វើ​វិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ ដោយ​កំណត់​ឲ្យ​ថ្នាក់ដឹកនាំ ដែលជា​ប្រធានព្រឹទ្ធសភា រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សញ្ជាតិ​ដើម កំណើត​ខ្មែរ​តែមួយ ដែល​អាច​ទទួល​នៅ​តួនាទី​នេះ​”​។​

​លោក​បាន​បន្តថាៈ ការ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ ដើម្បី​កំណត់ឱ្យ នាយករដ្ឋមន្ត្រី​, ប្រធានរដ្ឋសភា​, ប្រធានព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ មាន សញ្ជាតិ​ខ្មែរ​តែមួយ គឺជា​ការ​មួយ​មាន​ស្មារតី ជាតិនិយម​ខ្ពស់​ណាស់ ក៏ដូចជា បូរណភាព ទឹកដី របស់​ប្រទេស​កម្ពុជា ពីព្រោះ​កាលណា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដូចជា​ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បើសិន​ជាមាន​សញ្ជាតិ​ដើម ពី​ជាតិ​សាសន៍​ផ្សេងៗ ហើយ​មក ដឹកនាំ​វិញ លោក​ជឿជាក់ថា វា​អាចមាន​ការប្រែ​ប្រួល ឬ​ការផ្លាស់ប្តូរ និង​ធ្វើ​ឲ្យ​ខូចខាត ផលប្រយោជន៍ ប្រទេស​កម្ពុជា​។ “​ពីព្រោះថា កាលណា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដូចជា ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បើសិន​ជាមាន​សញ្ជាតិ ដើមពី សាសន៍​ណា​ផ្សេងៗ មក​ដឹកនាំ​វិញ ខ្ញុំ​ជឿជាក់ថា វា​អាចមាន​ការប្រែប្រួល ឬ​ការផ្លាស់ប្តូរ ដែល​អាចធ្វើ​ឲ្យ​យើង អាច​បាត់បង់ ឬក៏​ខូចខាត​ផលប្រយោជន៍ ប្រទេស​កម្ពុជា​របស់​យើង បូរណភាព​ទឹកដី​របស់​យើង​។ ខ្ញុំ​សូម​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ឲ្យ​រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ សិក្សា​អំពី​ការរៀបចំ​ធ្វើ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ ដើម្បី​កំណត់ឱ្យ នាយករដ្ឋមន្ត្រី​, ប្រធានរដ្ឋសភា​, ប្រធានព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សញ្ជាតិ​ខ្មែរ​តែមួយ​។​”

​សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៦ តុលា ថា ដើម្បី​បង្ហាញ​នូវ​ការស្មោះត្រង់ ចំពោះ​ជាតិ និង​បញ្ចៀស​នូវ​ការជ្រៀតជ្រែក ពី​បរទេស ថ្នាក់ដឹកនាំ​ជាតិ ដែល​កាន់​តួនាទី​ជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​។​

​សម្តេច​បានប្រគល់​ការងារ ជូន​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សិក្សា​រៀបចំ​ធ្វើ សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ ឬ​សេចក្តីព្រាងច្បាប់​អង្គការ ដែល​ចេញពី រាជរដ្ឋាភិបាល ឬ​ជា​សេចក្តីស្នើច្បាប់ ដែល​ចេញពី​ព្រឹទ្ធសភា និង​រដ្ឋសភា​៕/V​