ប្រែសម្រួលៈវាសនា/ម៉ានីល៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី ឡេនី រ៉ូប្រេដូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៧តុលាថា លោកស្រីនឹងឈរឈ្មោះសំរាប់មុខតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០២២ខាងមុខ។
រ៉ូប្រេដូ វ័យ៥៦ឆ្នាំ ដែលជាមេធាវីសិទ្ធិមនុស្សនិងជាស្ត្រីមេម៉ាយរបស់អតីតរដ្ឋមន្ត្រីមហាផ្ទៃម្នាក់ ដឹកនាំក្រុមប្រឆាំងនិងជាបុគ្គលរិះគន់ប្រធានាធិបតីជិតផុតតំណែង រ៉ូឌ្រីហ្គោ ឌុយទែត និងសង្គ្រាមប្រឆាំងថ្នាំញៀនដ៏បង្ហូរឈាមរបស់លោក។
ក្នុងសុន្ទរកថាផ្សាយបន្តផ្ទាល់១៥នាទីក្នុងបណ្តាញសង្គម លោកស្រីបាននិយាយថា«ខ្ញុំសន្យាផ្តល់កំលាំងថាមពលរបស់ខ្ញុំមិនត្រឹមតែក្នុងការបោះឆ្នោត តែនៅពេលសេសសល់ប៉ុន្មានថ្ងៃក្នុងតំណែងអនុប្រធានាធិបតីដើម្បីប្រយុទ្ធសំរាប់ហ្វីលីពីន»។
សូមបញ្ជាក់ថា នៅហ្វីលីពីន អនុប្រធានាធិបតីត្រូវបានបោះឆ្នោតជ្រើសរើសផ្សេងពីប្រធានាធិបតី ហើយលោកស្រី រ៉ូប្រេដូ ខ្វែងគំនិតជាមួយប្រធានាធិបតី ឌុយទែតលើបញ្ហាជាច្រើន។
លោកឌុយទែតមិនឈរឈ្មោះសំរាប់អាណត្តិថ្មីទេ ដោយសារច្បាប់ហាមឃាត់។
រ៉ូប្រេដូ ម្តាយកូន៣រូបនេះរំពឹងថានឹងដាក់ពាក្យសុំបេក្ខភាពចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតីឆ្នាំ២០២២នៅថ្ងៃព្រហស្បតិ៍នេះ
ជុំវិញការឈរឈ្មោះបោះឆ្នោតនេះដែរ ក្រុមសិទ្ធិមនុស្សហ្វីលីពីន បានធ្វើការតវ៉ាប្រឆាំងកាលពីថ្ងៃពុធទី៦តុលា ដើម្បីថ្កោលទោសការប៉ុនប៉ងរបស់កូនប្រុសរបស់អតីតជនផ្តាច់ការហ្វែរឌីណង់ ម៉ាកូស សំរាប់មុខតំណែងប្រធានាធិបតី។
លោកបុងបុង ម៉ាកូស អមដំណើរដោយភរិយានិងកូនប្រុស២នាក់ បានដាក់ពាក្យសុំបេក្ខភាពសំរាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយកាលពីថ្ងៃពុធដែលវាកាន់តែលម្អទិដ្ឋភាពនយោបាយប្រេះឆារបស់ប្រទេស។
គ្រួសារម៉ាកូសបាននិងកំពុង កសាងកេរ្តិ៍ឈ្មោះឡើងវិញនិងតែងបដិសេធការចោទប្រកាន់ដែលថា ខ្លួនបានលួចប្លន់ទ្រព្យសម្បត្តិរដ្ឋ ដែលតាមការប៉ាន់ស្មាននៅឆ្នាំ១៩៨៧មានចំនួនដល់ទៅ១០ពាន់លានដុល្លារ។
ប្រធានាធិបតីហ្វែរឌីណង់ ម៉ាកូសត្រូវបានបណ្តេញចេញពីតំណែងក្នុងការបះបោរអំណាចប្រជាជនឆ្នាំ១៩៨៦ និងស្លាប់ដោយការនិរទេសខ្លួននៅកោះហាវ៉ៃនៅ៣ឆ្នាំក្រោយ។គ្រួរសាររបស់លោកបានវិលមកហ្វីលីពីនវិញនៅទសវត្សរ៍ឆ្នាំ១៩៩០និងបានក្លាយជាអ្នកនយោបាយដ៏មានឥទ្ធិពលតំណាងអោយខេត្តកំណើតអ៊ីឡូកូស ណតតេរបស់គេ៕
លោកបុងបុង ម៉ាកូសបានឈរឈ្មោះជាអនុប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០១៦ តែចាញ់អនុប្រធានាធិបតី ឡេនី រ៉ូប្រេដូ។បន្ទាប់ពីចុះឈ្មោះចូលរួមយកតំណែងប្រធានាធិបតី លោកបានអះអាងថានឹងធ្វើជាមេដឹកនាំបង្រួបបង្រួមជាតិម្នាក់ដើម្បីជួយហ្វីលីពីនដោះស្រាយវិបត្តិជំងឺឆ្លងនិងសេដ្ឋកិច្ច