ដោយ: ជាសីហ:/ភ្នំពេញ: ប្រាសាទភ្នំដា ជារមណីយដ្ឋានទេសចរណ៍ដែលមាន ភាពទាក់ទាញ ទាំងផ្នែកប្រវត្តិសាស្ត្រ និងធម្មជាតិប៉ុន្តែហាក់មិនសូវមាន ភ្ញៀវទេសចរទៅដល់ឡើយ។
ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅ ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។ប្រាសាទនេះកសាងឡើងលើភ្នំដា មានកម្ពស់៤០ម៉ែត្រ កសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ជ្រុងនីមួយៗមាន១២ម៉ែត្រ និងមានកម្ពស់ ១៨ម៉ែត្រ។ ប្រាសាទនេះពុំមានជណ្តើរទេ មានទ្វារ៣ជាទ្វារបញ្ឆោត និងទ្វារ១ ជាទ្វាពិតនៅជញ្ជាំងខាងជើង។ ជញ្ជាំងប្រាសាទមួយនេះ ក្រាស់ខុសប្លែកពីប្រាសាទ នានា។ ប្រាសាទភ្នំដា ពុំមានរបង (កំពែង) ព័ទ្ធជុំវិញនោះទេ។ ប្រាសាទដ៏ចំណាស់ មួយនេះ កសាងឡើងក្នុង សតវត្សទី៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័នជាក្សត្រចុង ក្រោយ ក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ពេលទៅដល់រមណីយដ្ឋានមួយនេះភ្ញៀវទេសចរអាចសម្រាកមើលទេសភាពជុំវិញភ្នំ និង សិក្សារស្រាវជ្រាវពីប្រាសាទដ៏ចំណាស់មួយនេះក៏បាន៕/PC