ដោយៈមុនីរ័ត្ន/ភ្នំពេញៈប្រទេសកម្ពុជាបានស្នើដល់សាធារណរដ្ឋស៊ីព្រ នីកូស៊ីសហការស្រាវជ្រាវជុំវិញការចោទ ប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនស៊ីព្រ ឬសញ្ជាតិស៊ីព្រ។
យោងតាមលិខិតផ្លូវការចុះថ្ងៃទី៦ខែតុលាឆ្នាំ២០២១របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោក នីកូស គ្រីស្តូឌូលីដេសរដ្ឋមន្ត្រីការបរទេសនៃ សាធារណរដ្ឋស៊ីព្រ នីកូស៊ី ឱ្យដឹងថា យើងមានការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះសារពត៌មាន ដឺ ហ្គាឌីយែន( The Guardian)ដែលបានចុះផ្សាយព័ត៌មានមិនពិតកាលពីថ្ងៃអាទិត្យទី៣តុលា២០២១ថា“…មេដឹកនាំកម្ពុជាលោកហ៊ុនសែន ត្រូវបានគេរកឃើញថាស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ ដែលបានទទួលលិខិតឆ្លងដែនស៊ីព្រ “ ។
លោក ប្រាក់សុខុនបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ីព្រ នីកូស៊ី ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាវីរៈបុរសខ្មែមួយរូបដែលបានដឹកនាំការតស៊ូតាំងពីអាយុ១៨ ឆ្នាំ ដោយបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការវាយឱ្យបរាជ័យ ពួកចក្រពត្តិរបបខ្មែរក្រហមប្រល័យពូជសាសន៍តស៊ូលះបង់អាយុជីវិតដើម្បីបុព្វហេតុបង្រួបបង្រួម ជាតិពិតប្រាកដ និងក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិពីបាតដៃទទេ ក្រោយថ្ងៃរំដោះប្រទេសជាតិឆ្នាំ១៩៧៩។
លិខិតបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបានផ្សារភ្ជាប់អាយុជីវិតរបស់សម្តេចជាមួយអាយុជីវិត របស់ ប្រជាពលរដ្ឋ នៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ។ ដូចនេះ ដាច់ខាតពុំមានភាពមន្ទិលសង្ស័យណាមួយ ចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាវីរៈបុរសជាតិរបស់យើងខ្ញុំនោះទេ ហើយសម្តេច ក៏ពុំបាននឹកនា ឬ យល់សុបិនស្រមើស្រមៃ សុំសញ្ជាតិ ឬលិខិតឆ្លងដែនពីបរទេសណាមួយនោះឡើយ ពីព្រោះសម្តេចមានកិត្តិយសភាពថ្លៃថ្នូរនិងមោទនភាពក្នុងនាមជាពលរដ្ឋខ្មែរនិងក្នុងនាមជាអ្នកដឹកនាំប្រទេសជាតិមួយរូប។
លិខិតបន្តថាដោយបញ្ជាក់ថា អាស្រ័យដូចបានជម្រាបជូនខាងលើ យើងសូមស្នើឯកឧត្តម មេត្តាជ្រាប និងផ្តល់កិច្ចសហការ ដើម្បីស្រាវជ្រាវរកការពិតឱ្យឃើញ ចំពោះការចោទប្រកាន់ដែលមានចេតនាអាក្រក់នេះ សំដៅផ្តល់ភាពយុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ ជូនដល់សម្តេចនាយករដ្ឋមន្ត្រី របស់យើងខ្ញុំវិញ ហើយម្យ៉ាងវិញទៀត ដើម្បីឱ្យមតិសាធារណៈជាតិ និងអន្តរជាតិបានយល់ច្បាស់អំពីការពិតនេះ។
ឆ្លៀតឱកាសនេះ សូមសម្តែងនូវក្តីអំណរអរគុណចំពោះការយោគយល់ និងការយកចិត្តទុកដាក់របស់ ឯកឧត្តម និងសង្ឃឹមទទួលបាន ការសហការដ៏ល្អប្រសើរពី ឯកឧត្តម ក្នុងនាមប្រទេសយើងទាំងពីរ ជាប្រទេសជាមិត្តនិងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា៕សរន