​ប្រែ​សម្រួលៈ​វាសនា​/​គូ​ឡា​ឡាំ​ពួរ​៖​ម៉ាឡេស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឳ​សថ​អាម៉េរិក​Merck​ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​កូវី​ដ​១៩​ចំនួន​១៥០.០០០​ឈុត​(​មួយឈុត​១០​គ្រាប់​សំរាប់​ព្យាបាល​​អ្នកជំងឺ​ម្នាក់​)​ដែល​កំពុង​នៅ​ដំណាក់កាល​ពិសោធន៍​នៅឡើយ​។​

​ការប្រកាស​ទិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ នាំ​អោយ​ម៉ាឡេស៊ី​ចូលរួម​ជាមួយ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដទៃទៀត​ក្នុងការ​ប្រញាប់ប្រញាល់​បញ្ជា​ទិញឳ​សថ​នេះ និង​នៅ​មួយ​ថ្ងៃ​បន្ទាប់ពី​សិង្ហ​បុរី​និង​អូស្ត្រាលី​​បានប្រកាស​ដូចគ្នា​។​ថៃ​និង​កោះ​តៃវ៉ាន់​ក៏​កំពុង​ពិភាក្សា​ទិញ​វា​ដែរ​។​

Molnupiravir​នឹង​ជា​ថ្នាំលេប​សំរាប់​ព្យាបាល​កូវី​ដ​១៩​លើកដំបូង​របស់​ពិភពលោក បើសិនជា​ទទួល​បានកា​រ​អនុញ្ញាត​អោយ​ប្រើ ។​វា​ត្រូវ​បាន​ក្រុមហ៊ុន​អះអាងថា​អាច​កាត់បន្ថយ​ការចូល​​ដេក​ពេទ្យ​ដោយ​កើត​ជំងឺ​កូវី​ដ​១៩​ធ្ងន់ធ្ងរ​និង​ស្លាប់​ដោយ​ជំងឺ​នេះ​បាន​ពាក់កណ្តាល​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី បាន​និយាយថា រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​ទិញ​ថ្នាំ​នេះ​កាលពី​ថ្ងៃ​៧​តុលា នៅពេល​រដ្ឋាភិបាល​ត្រៀម​ការឆ្លង​នៅ​ដំណាក់កាល​មួយ​ទៀត​ក្រោយពី​អាជ្ញាធរ​បន្ធូរបន្ថយ​​ការ​រឹតបន្តឹង​វិធានការ​ប្រឆាំង​កូវី​ដ​១៩​ដើម្បី​រៀន​រស់នៅ​ជាមួយ​ជំងឺឆ្លង​នេះ​។​

​បើ​តាម​លោក​រដ្ឋមន្ត្រី ការព្យាបាល​ដោយ​ប្រើ​ឳ​សថ​ថ្មីៗ​«​ជា​អាវុធ​ប្រឆាំង​នឹង​កូវី​ដ​១៩»​ផងដែរ ក្រៅពី​វិធានការ​សុខាភិបាល​ផ្សេងៗ​។​

​សូមបញ្ជាក់​ថា ម៉ាឡេស៊ី បាន​កត់ត្រា​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ជិត​២,៣​លាន​នាក់ ជា​ចំនួន​ខ្ពស់​បំផុត​ទី​៣​ក្នុងចំណោម​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ តែ​បាននិងកំពុង​បន្ធូរបន្ថយ​ការ​រឹតត្បិត​បណ្តើរៗ​​នៅ​ប៉ុន្មា​សប្តាហ៍​មកនេះ ចំ​ពេល​ចំនួន​ឆ្លង​បាន​ធ្លាក់​ចុះ​និង​ការចាក់​វ៉ាក់សាំង​កើន​ល្បឿន​។​

​ប្រមាណ​៦៤​ភាគរយ​នៃ​ប្រជាជន​ម៉ាឡេស៊ី​៣២​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​បាន​ពេញលេញ រួម​មាន​មនុស្ស​ពេញវ័យ​៨៨​ភាគរយ​៕